ភ្នំពេញ ៖ លោកវរសេនីយ៍ទោអធិការរង ផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មួយរូប ខណៈកំពុងឡើងឋានសួគ៌ជាមួយស្រីស្នេហ៍ នៅក្នុងបន្ទប់ជួលមួយកន្លែង យ៉ាងត្រេកត្រអាលទាំងថ្ងៃត្រង់ ត្រូវបានប្រពន្ធតាមទាន់។ ពេលនោះ លោកអធិការរង ភ័យស្លាន់ស្លោ ក៏ឡើងហែកពិដាន និងដំបូលបន្ទប់ផ្ទះជួល រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព នៅសល់តែស្រីស្នេហ៍ ស្ថិតនៅក្នុងបន្ទប់ជួលនោះម្នាក់ឯង។ បន្ទាប់មក ក៏ត្រូវបាននគរបាលប៉ុស្តិ៍ប្រទះឡាងនាំទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការទាក់គ្នាជាមួយលោកអធិការរងរូបនោះ តទៅទៀត ហើយនេះគ៏ជាលើកទី២ហើយ ដែលប្រពន្ធតាមទាន់លោកអធិការរងខាងលើ និងស្រីស្នេហ៍រូបនេះ កំពុងឡើងឋានសួគ៌ជាមួយគ្នាបែបនេះ ។
រឿងរ៉ាវស្នេហាប្រពន្ធតាមទាន់លោកអធិការរង ជាប្ដីដេកជាមួយស្រីស្នេហ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ A1-12 ជាន់ទី២ នៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកអធិការរងខាងលើ (សុំមិនបញ្ចេញឈ្មោះ) មានឋានន្តរស័ក្ដិវរសេនីយ៍ទោ ទទួលផែនសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មានប្រពន្ធអាយុ៣៥ឆ្នាំ ពួកគាត់មានកូនប្រុស និងកូនស្រីចំនួន៣នាក់ ទៅហើយ។ បច្ចុប្បន្នមានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ដោយឡែកស្រីស្នេហ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ គឺស្គាល់ត្រឹមឈ្មោះហៅក្រៅថា «ស្រី ស្រស់»ប៉ុណ្ណោះ និងមានអាយុប៉ាន់ ស្មានប្រមាណជាង២០ឆ្នាំ ។
ស្ត្រីជាប្រពន្ធ បាននិយាយថា លោកអធិការរង ដែលជាប្ដីរបស់នាងរូបនេះ បានមានទំនាក់ទំនងគ្នាជាមួយស្រីស្នេហ៍ឈ្មោះ ស្រី ស្រស់ យូរមកហើយ ហើយនេះគឺជាលើកទី២ហើយ ដែលនាងបានតាមទាន់លោកប្ដី និងស្រីស្នេហ៍កំពុងឡើងឋានសួគ៌ជាមួយគ្នាបែបនេះ។ ដោយកាលពីជាង១ខែមុន នាងបានតាមទាន់អ្នកទាំង២ នៅផ្ទះជួលមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ម្ដងរួចមកហើយ ដោយចាប់បានជាក់ស្ដែងតែម្ដង ។
នាងប្រពន្ធស្របច្បាប់ បាននិយាយបន្តទៀតថា ពេលនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដែរ ប៉ុន្តែនាងបានទុកមុខឲ្យលោកប្ដី ទើបមិនរករឿងខ្លាំងហើយគ្រាន់តែឲ្យប្ដីនាង និងស្រីស្នេហ៍ ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងគ្នាតែប៉ុណ្ណោះ។ ចំណែកលោកប្ដី និងស្រីស្នេហ៍ ក៏បានសន្យាថា ឈប់ទាក់ទងគ្នាទៀតហើយ ។ មិនតែប៉ុណ្ណោះ ក៏បានអង្វរសុំកុំឲ្យនាងបង្ហោះរឿងនេះតាមបណ្ដាញសង្គមហ្វេសប៊ុកអី នាំតែដឹងដល់មហាជនខ្មាសគេ ទើបនាងដែលជាប្រពន្ធ ជួយលាក់រឿងនេះជិតឈឹងមិនឲ្យលេច ឮខ្ចរខ្ចាយដល់អ្នកសារព័ត៌មានឡើយ ។
នាងជាប្រពន្ធបាននិយាយរៀបរាប់បន្តថា ទោះបីជាធ្លាប់ ត្រូវបាននាងតាមទាន់ចាប់បានម្ដងរួចមកហើយក្ដី ក៏លោកអធិការរង ដែលជាប្ដីនៅតែផិតក្បត់នាងមិនព្រមបញ្ឈប់ នូវរឿងអាស្រូវផ្លូវភេទដ៏អាម៉ាស់មួយនេះឡើយ នៅតែបន្តលួចលាក់ស្កាត់ជួបគ្នាជាមួយស្រីស្នេហ៍ខាង លើបន្តទៀត។ រហូតដល់ថ្ងៃកើតហេតុ រូបនាងជាប្រពន្ធបានដឹងថា ប្ដី និងស្រីស្នេហ៍ឈ្មោះ ស្រី ស្រស់ កំពុងនៅជាមួយគ្នាក្នុងបន្ទប់ជួលលេខ A1-12 ជាន់ទី២ ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល នាងក៏បាននាំម្ដាយបង្កើត និងសាច់ញាតិរបស់នាងទៅកាន់បន្ទប់ជួលនោះ ។
នាងបានបញ្ជាក់ថា ប៉ុន្តែពេលនោះ លោកប្ដីបានដឹងខ្លួនមុន ហើយក៏បានឡើងហែកពិដាន និងដំបូលបន្ទប់ជួលរួចរត់គេចខ្លួនបាត់ នៅសល់តែស្រីស្នេហ៍ស្ថិតនៅក្នុងបន្ទប់ជួលម្នាក់ឯង ហើយក្រោយមកនគរបាលប៉ុស្តិ៍ប្រទះឡាង និងក្រុមគ្រួសារប្រពន្ធលោកអធិការរងខាងលើឃាត់ខ្លួននាំទៅដោះស្រាយគ្នានៅប៉ុស្តិ៍តែម្ដង ។
សមត្ថកិច្ច បានប្រាប់ថា ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ប្រទះឡាង បានឲ្យនាងស្រី ស្រស់ ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់គ្នាជាមួយលោកអធិការរង ចាប់ពីពេលនេះតទៅ។ ដោយឡែកលោកអធិការខណ្ឌកំបូល ក៏ថា និងហៅលោកអធិការរង និងនាង ហ.ស.ន ដែលជាប្រពន្ធស្របច្បាប់ទៅធ្វើការសម្របសម្រួលគ្នានៅពេលក្រោយផងដែរ ៕
ដោយ៖ សុរិយា










