សង្គ្រាម​អ៊ីរ៉ង់​ធ្វើ​ឱ្យ​​ស្តុក​យោធា​របស់​អាមេរិកថយ​ចុះ​ ដោយ​បន្ថយ​សមត្ថភាព​ការពារ​​សកល​

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាម​ការចុះផ្សាយ​សារព័ត៌មាន Wall Street Journal កាលពីថ្ងៃសុក្រ (ទី២៨ ខែសីហា ឆ្នាំ២០២៦) បាន​រាយការណ៍​ថា ការប្រើប្រាស់សព្វាវុធកម្រិត​ខ្ពស់​យ៉ាងទូលំទូលាយ ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យឃ្លាំងស្តុកយោធារបស់សហរដ្ឋអាមេរិកថយ​ចុះ​បរិមាណ​យ៉ាងខ្លាំង ដោយបាន​បន្ថយ​សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។

អ្នករៀបចំផែនការយោធាបានបង្ហាញ​ក្ដី​បារម្ភថា ការបង្ហូរធនធាននេះ​ បាន​ជំរុញ​ឱ្យទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក ដែល​ជាផ្នែកទទួលខុសត្រូវ សម្រាប់ប្រតិបត្តិការយោធាអាមេរិក នៅទូទាំងទ្វីបនេះ​ កែសម្រួលផែនការប្រតិបត្តិការរបស់ខ្លួន។ មន្ត្រីអាមេរិកបានវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោន មិនអាចអនុវត្តផែនការបន្ទាន់ទាំងស្រុង ដើម្បីការពារ​​តៃវ៉ាន់ ជាកោះស្វ័យ​គ្រប់គ្រង ដែលចិនអះអាង​សិទ្ធិ​អធិបតេយ្យភាព ប្រសិនបើប្រតិបត្តិការយោធា កើតឡើងក្នុងរយៈពេលខ្លី។

យោងតាមមន្ត្រីបាននិយាយថា ការផ្ទេរ​អង្គភាពការពារដែនអាកាសទៅកាន់តំបន់​មជ្ឈិមបូព៌ា ពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺ​ម៉ង់ បានបង្កើត «ចំណុចខ្សោយ​» នៅក្នុងជំហរយោធាសកលរបស់អាមេរិកដែលអាចចំណាយពេលច្រើនឆ្នាំ ដើម្បីបំពេញឡើង​វិញ​។

មន្ត្រីមួយចំនួន បានអះអាងថា ស្តុកនៃប្រព័ន្ធ​ស្ទាក់ចាប់ PAC-3 Patriot និងមីស៊ីល​បាញ់​ពី​ដីទៅ​​ដី ATACMS នៅតំបន់​អឺរ៉ុប ត្រូវបានចាត់ទុកថា នៅកម្រិត​ទាប​ជាង​កម្រិតប្រតិបត្តិការ។ លើសពីនេះ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល THAAD និងប្រព័ន្ធប្រឆាំងយាន​ដ្រូន​ ត្រូវបានបង្វែរ​បញ្ជូនទៅកាន់តំបន់​មជ្ឈិមបូព៌ា ដែលធ្វើឲ្យការផ្គត់ផ្គង់ទ្វីបកាន់តែថយចុះ។ ចំណាត់ការនេះបានរឹតបន្តឹងយ៉ាងខ្លាំងដល់​សមត្ថភាពរបស់ប្រទេសលោកខាងលិច ក្នុងការបញ្ជូនប្រព័ន្ធ​ស្ទាក់ចាប់ទៅអ៊ុយក្រែន ខណៈដែលការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅតែបន្ត។

...

យ៉ាង​ណាក្ដី ទាំង​សេតវិមាន និងមន្ទីរបញ្ចកោណ សុទ្ធ​តែ​បានបដិសេធជាផ្លូវការនូវការ​ខ្វះខាតអាវុធ។ រដ្ឋបាលរបស់​លោក​ប្រធានាធិបតី​ Donald Trump បានបញ្ជាក់​ថា យោធាអាមេរិករក្សាធនធានគ្រប់គ្រាន់ ដើម្បីបម្រើគោលដៅទាំងអស់របស់លោក​ Trump៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print