អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសនេប៉ាល់ត្រូវការជំនួយពីបរទេសក្នុងវិស័យឯកទេស និងបច្ចេកទេស ដែលខ្លួនមិនមានជំនាញ បន្ទាប់ពីមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានវាយប្រហារព្រំដែនតំបន់ហិមាល័យរបស់ខ្លួនជាមួយចិន ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនមែនក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនោះទេ។
បំណាក់ទឹកកក កាលពីថ្ងៃទី២៦ ខែសីហា បាននាំថ្ម ទឹកកក ភក់ និងកម្ទេចកម្ទីយ៉ាងច្រើនហូរកាត់ប្រព័ន្ធទន្លេភ្នំហិមាល័យ ដោយបានបណ្ដាលឱ្យមនុស្សជិត ៦០០នាក់ស្លាប់ នៅនេប៉ាល់ និងតំបន់ទីបេរបស់ចិន ខណៈដែលជាង ២.០០០នាក់នៅតែបាត់ខ្លួន។
ទឹកជំនន់បានហូរក្នុងល្បឿនយ៉ាងគំហុកកាត់តំបន់ជិតព្រំដែនចិន ដោយបានបំផ្លាញទីប្រជុំជន និងរោងចក្រវារីអគ្គិសនីទាំងមូល។ សារព័ត៌មាន Kathmandu Post បានរាយការណ៍ថា ប្រទេសឥណ្ឌា ចិន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ស្រីលង្កា និងបង់ក្លាដែស បានស្នើរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមស្វែងរក និងជួយសង្គ្រោះរបស់ពួកគេជួយក្នុងប្រតិបត្តិការនេះ។
តែលោក Shisir Khanal បាននិយាយថា ទីក្រុង Kathmandu ត្រូវការជំនួយពីបរទេស ក្នុងវិស័យ ដូចជាការជួយសង្គ្រោះមនុស្សដែលជាប់ខ្លួននៅក្នុងផ្លូវរូងក្រោមដី ការបើកសេវាដឹកជញ្ជូន និងទំនាក់ទំនងនៅកន្លែងដែលស្ពានត្រូវបានបំផ្លាញ ការកំណត់អត្តសញ្ញាណសាកសព ការធ្វើតេស្ត DNA និងការរក្សាទុកសាកសព ក្នុងរយៈពេលយូរជាងនេះ។
កាលពីយប់ថ្ងៃសុក្រ (ទី២៨ ខែសីហា ឆ្នាំ២០២៦) លោក Khanal បាននិយាយថា៖ «យើងបានធ្វើការស្នើសុំរួចហើយសម្រាប់សេវាកម្មឯកទេស និងជំនួយបច្ចេកទេសបែបនេះ នៅក្នុងវិស័យដែលយើងមិនមានជំនាញ និងចំណេះដឹងគ្រប់គ្រាន់ពីបច្ចេកទេស»។
ក្រសួងការបរទេសនេប៉ាល់ នៅព្រឹកថ្ងៃទី២៨ ខែសីហា បានបញ្ជាក់ថា ទីក្រុង Kathmandu អាចដោះស្រាយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយខ្លួនឯង សម្រាប់ពេលនេះ ហើយបានបដិសេធការចូលរួមពីបរទេស៕










