អន្តរជាតិ៖ យោងតាមការចុះផ្សាយសារព័ត៌មាន Wall Street Journal កាលពីថ្ងៃសុក្រ (ទី២៨ ខែសីហា ឆ្នាំ២០២៦) បានរាយការណ៍ថា ការប្រើប្រាស់សព្វាវុធកម្រិតខ្ពស់យ៉ាងទូលំទូលាយ ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យឃ្លាំងស្តុកយោធារបស់សហរដ្ឋអាមេរិកថយចុះបរិមាណយ៉ាងខ្លាំង ដោយបានបន្ថយសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។
អ្នករៀបចំផែនការយោធាបានបង្ហាញក្ដីបារម្ភថា ការបង្ហូរធនធាននេះ បានជំរុញឱ្យទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកទទួលខុសត្រូវ សម្រាប់ប្រតិបត្តិការយោធាអាមេរិក នៅទូទាំងទ្វីបនេះ កែសម្រួលផែនការប្រតិបត្តិការរបស់ខ្លួន។ មន្ត្រីអាមេរិកបានវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោន មិនអាចអនុវត្តផែនការបន្ទាន់ទាំងស្រុង ដើម្បីការពារតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិអធិបតេយ្យភាព ប្រសិនបើប្រតិបត្តិការយោធា កើតឡើងក្នុងរយៈពេលខ្លី។
យោងតាមមន្ត្រីបាននិយាយថា ការផ្ទេរអង្គភាពការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ បានបង្កើត «ចំណុចខ្សោយ» នៅក្នុងជំហរយោធាសកលរបស់អាមេរិកដែលអាចចំណាយពេលច្រើនឆ្នាំ ដើម្បីបំពេញឡើងវិញ។
មន្ត្រីមួយចំនួន បានអះអាងថា ស្តុកនៃប្រព័ន្ធស្ទាក់ចាប់ PAC-3 Patriot និងមីស៊ីលបាញ់ពីដីទៅដី ATACMS នៅតំបន់អឺរ៉ុប ត្រូវបានចាត់ទុកថា នៅកម្រិតទាបជាងកម្រិតប្រតិបត្តិការ។ លើសពីនេះ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល THAAD និងប្រព័ន្ធប្រឆាំងយានដ្រូន ត្រូវបានបង្វែរបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យការផ្គត់ផ្គង់ទ្វីបកាន់តែថយចុះ។ ចំណាត់ការនេះបានរឹតបន្តឹងយ៉ាងខ្លាំងដល់សមត្ថភាពរបស់ប្រទេសលោកខាងលិច ក្នុងការបញ្ជូនប្រព័ន្ធស្ទាក់ចាប់ទៅអ៊ុយក្រែន ខណៈដែលការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅតែបន្ត។
យ៉ាងណាក្ដី ទាំងសេតវិមាន និងមន្ទីរបញ្ចកោណ សុទ្ធតែបានបដិសេធជាផ្លូវការនូវការខ្វះខាតអាវុធ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា យោធាអាមេរិករក្សាធនធានគ្រប់គ្រាន់ ដើម្បីបម្រើគោលដៅទាំងអស់របស់លោក Trump៕










