តម្លៃប្រេងកើនឡើងជាង ១% ក្រោយអាមេរិកវាយប្រហារកោះ Larak របស់អ៊ីរ៉ង់

ចែករំលែក៖

តម្លៃប្រេងបានកើនឡើងជាង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Larak របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់បានធ្វើការវាយប្រហារឆ្លើយតប ខណៈជម្លោះនៅមជ្ឈិមបូព៌ាបានឈានចូលខែទី៦។

 

គិតត្រឹមម៉ោង 00:40 GMT តម្លៃប្រេង Brent បានកើនឡើង 1.08 ដុល្លារ ឬ 1.23% ដល់ 89.18 ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅអាមេរិក West Texas Intermediate (WTI) ឡើង 92 សេន ឬ 1.10% ដល់ 84.32 ដុល្លារក្នុងមួយបារ៉ែល។

 

កងកម្លាំងអាមេរិកបានវាយប្រហារលើឧបករណ៍បាញ់មីស៊ីលចំនួនពីរ នៅលើកោះ Larak ក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យ។ នេះជាការវាយប្រហាររបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ដែលត្រូវបានគេដឹងជាលើកដំបូង ចាប់តាំងពីចុងខែកក្កដាមក។

 

ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថា អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកចំនួនពីរ នៅប្រទេសហ្សកដានី។

 

លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ IG បាននិយាយថា៖ «មើលទៅ យើងកំពុងឈានចូលដំណាក់កាលនៃការកើនឡើងភាពតានតឹងម្តងទៀត។ រយៈពេលដែលស្ថានការណ៍នេះនឹងបន្ត គឺមិនអាចកំណត់បានទេ។ វាអាចមានរយៈពេលពីរបីថ្ងៃ ឬអាចដល់ពីរបីសប្តាហ៍»។

 

តាមការវិភាគបច្ចេកទេស ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យតម្លៃ WTI ឡើងលើកម្រិតតស៊ូចន្លោះ 85.80 ទៅ 85.90 ដុល្លារក្នុងមួយបារ៉ែល នោះវាអាចបើកផ្លូវឱ្យតម្លៃបន្តកើនឡើង។ គោលដៅដំបូងអាចជាកម្រិតខ្ពស់ 87.69 ដុល្លារ កាលពីសប្តាហ៍មុន ហើយបន្ទាប់មកអាចឈានដល់ 93.50 ដុល្លារ ដែលជាកម្រិតខ្ពស់កាលពីខែកក្កដា។

 

ការចរចាដើម្បីបញ្ចប់ជម្លោះបានជាប់គាំង ខណៈអ្នកសម្របសម្រួលកំពុងព្យាយាមបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។ មុនពេលសង្គ្រាមចាប់ផ្តើមនៅចុងខែកុម្ភៈ ប្រេងប្រមាណ មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនេះ។

 

Brent និង WTI ត្រូវបានរំពឹងថានឹងបញ្ចប់ខែសីហាជាមួយនឹងការធ្លាក់ចុះបន្តិចបន្តួច បន្ទាប់ពីបានធ្លាក់ចុះជាង ៤% កាលពីសប្តាហ៍មុន ដែលជាការធ្លាក់ចុះប្រចាំសប្តាហ៍លើកដំបូងក្នុងរយៈពេលបីសប្តាហ៍។

 

អ្នកវិភាគរបស់ ANZ បាននិយាយនៅក្នុងកំណត់សម្គាល់ជូនអតិថិជនថា ខណៈផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រឡើងវិញនៅតែមិនទាន់ច្បាស់លាស់ ការកើនឡើងនៃលំហូរប្រេងតាមច្រក Hormuz បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។

 

ទិន្នន័យដឹកជញ្ជូនតាមសមុទ្របានបង្ហាញកាលពីថ្ងៃចន្ទថា ចំនួននាវាដឹកទំនិញដែលអាចតាមដានបាន និងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅចុងសប្តាហ៍ បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៥គ្រឿងក្នុងមួយថ្ងៃ។ ការធ្លាក់ចុះនេះបង្ហាញពីការប្រុងប្រយ័ត្នរបស់ក្រុមហ៊ុនដឹកជញ្ជូន ដែលមានការព្រួយបារម្ភអំពីការវាយប្រហារលើនាវា។

 

អង្គភាព UK Maritime Trade Operations បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាវាដឹកប្រេងមួយគ្រឿងត្រូវបានវត្ថុបាញ់មួយប្រភេទវាយប្រហារ ខណៈកំពុងធ្វើដំណើរចូលតាមច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍។

...

 

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រេងដែលទទួលបានតាមកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសវេណេស៊ុយអេឡា នឹងត្រូវយកទៅបំពេញស្តុកប្រេងបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤៤ឆ្នាំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print