ភ្នំពេញ៖ពាក់ព័ន្ធទៅនិងអ្នកសារព័ត៌មានជាមួយនិងវិទ្យុ ABC ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកកាសែតឈ្លោះគ្នា គឺគ្មានបានផលប្រយោជន៍អ្វីទាំងអស់ ។ លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ មានប្រសាសន៍ដូចនេះ ក្រោយពីបានបញ្ចប់សិក្ខាសាលាស្តីពី អនាគតនៃប្រព័ន្ធឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងព័ត៌មាន មិនមានមតិអ្វីថែមទៀតទេ ព្រោះថាយើងបានឃើញការណែនាំ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសូមឲ្យសភាពការណ៍ហ្នឹងស្ងប់ស្ងាត់ ដូច្នេះក្រសួងមិនមានអ្វីណែនាំទៀតទេ បញ្ហាសំខាន់គឺយើងកុំផ្លុំបង្កើតភ្លើងនេះតទៅទៀត ហើយម្យ៉ាងទៀត ក្រសួងព័ត៌មាន គ្មានអំណាចអីធ្វើនូវរឿងនេះច្រើនទេ លើកលែងតែជាគោលការណ៍ បើសិនអ្នកណាយល់ថា នរណាម្នាក់និយាយប៉ះពាល់ដល់ខ្លួននោះ អាចប្តឹងទៅតុលាការបាន៕
ដោយ៖សហការី