ខេត្តកំពង់ស្ពឺ÷ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ដោះស្រាយសម្របសម្រួលភ្លាមៗករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ…។
ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២០:៤៥នាទីយប់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។
ករណីនេះដោយអតីតប្ដីស្រវឹងស្រា គំរាមរករឿងប្រពន្ធដែលបានលែងលះគ្នាដាច់ស្រេចរយ:ពេល៤ឆ្នាំមកហើយ កាលពីយប់ម៉ោង២០.១៥នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិឃ្លាំង សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុឈ្មោះ អាត ត្រូវជាបងប្អូនបានហៅភាគី(អតីតប្ដីប្រពន្ធខាង លើ)មកផ្សះផ្សារគ្នាវិញ ប៉ុន្តែមិនត្រូវគ្នាទើបមានការខឹងអន់ចិត្ត ភ្លាមៗជនបង្កមានឈ្មោះ ទុយ សយ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកម្មករសំណង់ សព្វថ្ងៃរស់នៅភូមិឃ្លាំង សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យចុះទៅដល់ទីតាំងកន្លែងកើតហេតុខាងបានធ្វើអន្តរាគមន៍ដោះស្រាយសម្របសម្រួលភ្លាមៗដោយមានការឯកភាពពីភាគីដើមបណ្តឹង គឺបានអោយភាគីដែលជាជនបង្ករធ្វើកិច្ចសន្យាសុំទោស និងមានអ្នកធានាត្រឹមត្រូវ តាមសំណូមពរជនរងគ្រោះ សុំឱ្យត្រឡប់ទៅរស់នៅជាមួយកូនតាមលក្ខខណ្ឌដូចនៅក្នុងកិច្ចសន្យា៕
ដោយ៖ សុរិយា










