ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្ដីពីលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ព្រឹក លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំធ្វើបទបង្ហាញជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រ កម្ពុជា (MACPP) ដែលមានចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ ចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមអនុព័ន្ធយោធាបរទេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលបានចូលរួមក្នុងបទបង្ហាញនាថ្ងៃនេះ ក៏ដូចជាការចូលរួមចុះពិនិត្យដោយ ផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ លោករដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីសារ បាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែន រហូតឈានទៅដល់ បទឈប់ បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃបរិបទសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះ ក្រុមការងារជំនាញមកពីបណ្តាអង្គភាពពាក់ព័ន្ធក៏បានចូលរួមធ្វើបទបង្ហាញអំពីការវិវត្តន៍ការងាររបស់ខ្លួនផងដែរ។ ក្នុងនោះ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើបទបង្ហាញអំពីការវិវត្តន៍ និង សមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ លេខ៤៧ នៅអំឡុង ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនលើកទី២ ព្រមទាំងរំលេចអំពីកិច្ចខិតខំប្រឹង ប្រែងរបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
បន្ទាប់មក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញអំពីប្រវត្តិនៃការ បង្កើត តួនាទី និងការរួមចំណែករបស់ CLG ក្នុងការពង្រឹងការសម្របសម្រួលជាមួយយន្តការក្រុមអ្នកសង្កេត-ការណ៍អាស៊ាន (AOT) ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងយន្តការដែលពាក់ព័ន្ធ។ បទបង្ហាញបានរំលេចនូវ សមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមCLG ក្នុងការសម្របសម្រួលជូន AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រុម CLG បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានដើរ តួនាទីដឹកនាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងដំណាក់កាលដំបូងនៃបេសកកម្ម AOT នៅកម្ពុជា រហូតឈានដល់ ប្រធានប្តូរវេនហ្វីលីពីន ដែលបានបន្តបំពេញតួនាទីយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ក្នុងការគាំទ្រ ដល់ការអនុវត្តយន្តការរបស់អាស៊ាន និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់។
កិច្ចប្រជុំនេះបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ភាគីកម្ពុជា ក្នុងការផ្តល់ព័ត៌មានដោយផ្ទាល់ ផ្លាស់ប្តូរ យោបល់ និងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ជាពិសេសលើយន្តការនៃវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកលើកកម្ពស់តម្លាភាព ការយោគ យល់គ្នា និងការយល់ដឹងប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ អំពីបច្ចុប្បន្នភាព និងការវិវត្តន៍នៃ ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ជាក់ ស្តែងនៅតាមបណ្តោយព្រំដែននៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន ដូចជា ការចល័តកងទ័ព ការ រាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននិងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅ លើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ បញ្ហាទាំងនេះ នៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
កិច្ចប្រជុំនេះក៏បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាម បណ្តោយព្រំដែន ព្រមទាំងជំរុញការសន្ទនា ការទំនាក់ទំនង់ និងការសម្របសម្រួលប្រកបដោយស្ថាបនា តាម រយៈយន្តការដែលមានស្រាប់ និងបណ្តាញទំនាក់ទំនងសមស្រប។
លោករដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត របស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែង-ការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេង ទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញក្នុងពេលឆាប់ៗ និងការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង៕
ដោយ៖តារា










