Mixue ដែលជាខ្សែសង្វាក់អាហារ និងភេសជ្ជៈ (F&B) ធំបំផុតនៅលើពិភពលោក បានឃើញចំនួនហាងនៅក្រៅប្រទេសថយចុះចំនួន ៨៩ សាខា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលក្នុងនោះមានហាងជាច្រើននៅ វៀតណាម និងឥណ្ឌូណេស៊ី ខណៈប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Mixue Group ដែលជាម្ចាស់ខ្សែសង្វាក់ Mixue បានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយថា ទោះបីចំនួនហាងនៅវៀតណាម និងឥណ្ឌូណេស៊ីបានថយចុះក៏ដោយ ក៏ “គុណភាពប្រតិបត្តិការរបស់ហាងបានប្រសើរឡើងយ៉ាងខ្លាំង ដែលជួយគាំទ្រដល់កំណើនប្រកបដោយចីរភាព និងរយៈពេលវែង”។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបង្ហាញថា ប្រទេសនីមួយៗបានបិទហាងចំនួនប៉ុន្មាននោះទេ។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ Mixue មានចំណូលកើនឡើង ២,៣% ដល់ ១៥,២ ពាន់លានយ័ន (ប្រហែល ២,២៦ ពាន់លានដុល្លារ)។ ប៉ុន្តែប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះមកនៅត្រឹម ២,៣២ ពាន់លានយ័ន ដោយសារការកើនឡើងនៃថ្លៃដើមលក់ និងការចំណាយលើការលក់ និងការចែកចាយ។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ Mixue មានហាងសរុប ៦៣,៩៨៧ សាខា នៅទូទាំងពិភពលោក ក្នុងនោះ ៥៩,៦០៩ សាខា ស្ថិតនៅប្រទេសចិនដីគោក។
ឥណ្ឌូណេស៊ី និងវៀតណាម គឺជាទីផ្សារក្រៅប្រទេសធំបំផុតពីររបស់ Mixue។ យោងតាមសៀវភៅព័ត៌មាន (Prospectus) ដែលក្រុមហ៊ុនបានដាក់សម្រាប់ការបោះផ្សាយភាគហ៊ុន IPO នៅហុងកុងនៅដើមឆ្នាំ២០២៥ Mixue មាន ១,៣០៤ សាខានៅវៀតណាម គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។
Mixue បានចូលទីផ្សារវៀតណាមនៅឆ្នាំ ២០១៨ ដោយផ្តោតជាដំបូងលើទីក្រុងហាណូយ និងខេត្តភាគខាងជើង បន្ទាប់មកបានពង្រីកទៅទូទាំងប្រទេស។
ក្រុមហ៊ុនក៏កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយកាត់បន្ថយការផ្តោតលើ ហាងតូចៗ និងងាកទៅរក ហាងទំនើបដែលមានទំហំធំជាងមុន នៅទីតាំងសំខាន់ៗ និងមានសក្តានុពលខ្ពស់។
Mixue បានបញ្ជាក់ថា ខ្លួនមានផែនការបន្តពង្រីកអាជីវកម្មនៅក្នុង អាស៊ីអាគ្នេយ៍ ព្រមទាំងចូលទៅកាន់ទីផ្សារថ្មីៗនៅ អាស៊ីកណ្តាល និងទ្វីបអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តពង្រឹងការប្រតិបត្តិការដែលសមស្របទៅនឹងលក្ខខណ្ឌ និងតម្រូវការរបស់ទីផ្សារនីមួយៗនៅក្រៅប្រទេស៕










