ជាងផ្សារដែកបណ្តាលឱ្យឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅនៅភូមិកោះនរា ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ÷ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង២០នាទីរសៀល​ ថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ ២០២៦ ដែលស្ថិតនៅចំណុចផ្លូវលំ ក្រុម២​ ភូមិកោះនរា​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១គ្រឿង, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក​ និងរថយន្តអគ្គិភ័យកោះនរា​ ចំនួន១គ្រឿង​ ពុំបានប្រេីប្រាស់​ទឹក។

ដោយឡែកចំពោះ​ ប្រភេទសំណង់​ ដែក ទំហំ​ (៥តឹក​ x ១.៥ម៉ែត្រ)​ ឆេះខូចខាតម៉ូទ័រកាត់ផ្សារដុំដែកចំនួនមួយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ៤និង១៥នាទីល្ងាចនាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញ​ គឺបណ្តាលមកពីជាងផ្សារកាត់ដុំដែកបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ បានបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print