ប្តីចាក់ប្រពន្ធជាច្រើនកាំបិតរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ អំពើហិង្សាយ៉ាងសាហាវឃោរឃៅមួយបានកើតឡើង បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ធ្ងរ ស្ទើរស្លាប់ បន្ទាប់ពីត្រូវប្តីប្រពឹត្តអំពើហិង្សាដោយប្រើកាំបិតចាក់ប្រហារជាច្រើនកាំបិត រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះមានទីលំនៅ ស្ថិតក្នុងភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយ ពេលកើតហេតុ ជនដៃដល់ដែលជាប្តីបានរត់គេចខ្លួន

បាត់ភ្លាមៗ បន្សល់ទុកប្រពន្ធដេកក្នុងថ្លុកឈាម។ ឃើញសភាពការណ៍បែបនេះ សាច់ញាតិបានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានេះដែរ តំណាងសាច់ញាតិជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានបញ្ជាក់នៅល្ងាចថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៦ នេះថា កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនជនដៃដល់យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែគិតត្រឹមពេលនេះ ជនល្មើសនៅមិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ។

ដោយសារទង្វើប្រព្រឹត្តយ៉ាងសាហាវឃោរឃៅនេះ គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះបានអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាជួយជំរុញការស៊ើបអង្កេត និងតាមចាប់ខ្លួនជនដៃដល់រូបនេះមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមានឱ្យបានដាច់ខាត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print