Valencia បណ្តេញ CEO និងគ្រូបង្វឹក Corberan ក្រោយបើករដូវកាលដោយគ្មានជ័យជម្នះ

ចែករំលែក៖

ក្លិប Valencia បានសម្រេចបណ្តេញគ្រូបង្វឹក Carlos Corberan និងនាយកប្រតិបត្តិ (CEO) Ron Gourlay កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមបើករដូវកាលថ្មីដោយមិនទទួលបានជ័យជម្នះសូម្បីតែមួយប្រកួត។

 

Gourlay និង Corberan បានរងសម្ពាធកាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រ Valencia ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយសារទម្រង់លេងមិនល្អរបស់ក្រុម។ Valencia រកបានត្រឹម ១ពិន្ទុពី ៥ប្រកួតដំបូង នៃរដូវកាលនេះ ហើយកំពុងឈរនៅបាតតារាង LaLiga។

 

Corberan ត្រូវបានតែងតាំងជាគ្រូបង្វឹក Valencia កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបានជួយក្រុមគេចផុតពីការធ្លាក់ទៅកាន់ក្របខណ្ឌទាប ដោយបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ១២។

 

រដូវកាលមុន Valencia បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៩ ប៉ុន្តែទម្រង់លេង និងរបៀបដឹកនាំក្រុមរបស់ Corberan បានទទួលការរិះគន់ពីអ្នកគាំទ្រនៅកីឡដ្ឋាន Mestalla។ ក្នុងការប្រកួតក្នុងផ្ទះរបស់ Valencia នាពេលថ្មីៗនេះ ក៏អាចឮសំឡេងអ្នកគាំទ្រស្រែកថា «Corberan ចាកចេញឥឡូវនេះ!» ផងដែរ។

 

សរុបមក Corberan បានដឹកនាំ Valencia ចំនួន ៧២ប្រកួត ដោយឈ្នះ ២៨ប្រកួត និងចាញ់ ២៦ប្រកួត។

 

ចំណែក Gourlay បានចូលមកកាន់តួនាទីនៅ Valencia កាលពីខែឧសភា ឆ្នាំ២០២៥។ លោកធ្លាប់ចេញមុខការពារតំណែងរបស់ Corberan ជាសាធារណៈជាច្រើនលើក។

 

Valencia ក៏បានបញ្ចប់កិច្ចសន្យារបស់បុគ្គលិកចំនួន ៤នាក់ ដែលធ្វើការក្រោមការគ្រប់គ្រងរបស់ Gourlay ព្រមទាំងបុគ្គលិកក្នុង ក្រុមការងារគ្រូបង្វឹករបស់ Corberan ផងដែរ។

 

ក្នុងសេចក្តីថ្លែងការណ៍ Valencia បាននិយាយថា៖

 

««ការសម្រេចចិត្តនេះបង្ហាញពីបំណងរបស់ក្លិបក្នុងការចាប់ផ្តើមដំណាក់កាលថ្មី សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធផ្នែកកីឡា និងប្រតិបត្តិការបាល់ទាត់»។»

 

ក្លិបបានបញ្ជាក់ថា Oscar Sanchez ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម VCF Mestalla នឹងទទួលបន្ទុកដឹកនាំ ក្រុមឈុតធំជាបណ្តោះអាសន្ន។

 

Valencia បានឱ្យដឹងថា រចនាសម្ព័ន្ធថ្មីសម្រាប់ផ្នែកកីឡារបស់ក្លិប នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។

...

 

ការប្រកួតបន្ទាប់របស់ Valencia គឺត្រូវជួប Deportivo Alaves នៅថ្ងៃអង្គារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print