ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូលឿនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក MG ដែលធ្វើដំណើរមកត្រង់យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក MG ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BT-4828 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ 598 ក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI LET’S ពាក់ផ្លាកលេខ ភ្នំពេញ 1HX-5322 ជិះដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនរួចក៏បានបត់ឆ្វេងឆ្ពោះទៅផ្លូវបេតុងមួយខ្សែក៏ជ្រុលទៅបុកចំពីមុខរថយន្តចំហៀងខាងឆ្វេងបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










