ខេត្តកណ្តាល ៖ ជនសង្ស័យដែលមានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារ០១លើកករណីប្រើប្រាស់គ្រឿងញៀន តែបានចេញមកវិញមិនកែខ្លួនជាពលរដ្ធល្អនោះឡើយ គឺនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងហ៊ានចូលលួចកាត់ខ្សែ ភ្លើងនៅក្នុងវត្តត្រូវលោកតាលោកយាយឃើញ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០ នាទីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦នៅចំណុចក្នុងបរិវេនវត្តព្រែកអំពិលស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថឃាត់ខ្លួននៅថ្ងៃទី១៣ខែកញ្ញាឆ្នាម២០២៦។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ មុត ផាត ភេទប្រុសអាយុ៧៩ឆ្នាំជនជាតិខ្មែរ មុខ របរ គណៈកម្មការវត្តព្រែកអំពិល។ ចំណេកជនសង្ស័យមានចំនួន០២នាក់ៈ ១.ឈ្មោះ រស់ បញ្ញា ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០១ឆ្នាំពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន( វិជ្ជមាននូវសារធាតុញៀន .ឃាត់ខ្លួន) ២.ឈ្មោះ ចាន់ នី ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នក្នុង សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ (គេចខ្លួន) ។សម្ភារៈបាត់បង់ ៖ ខ្សែភ្លើងមួយដុំមានប្រវែងចំនួន៥៣ម៉ែត្រ ដកហូតយកបានមកវិញ។
លោកតាជាតំណាងគណៈកម្មការវត្តបំភ្លឺជូនសមត្ថកិច្ចថា កន្លងមកនៅក្នុងវត្តព្រែកអំពិលតែងតែមានការបាត់របស់របរ ដូចជាចាន ឆ្នាំង ខ្សែភ្លើង និងសម្ភារៈមួយ ចំនួន។ លុះមកដល់វេលាកើតហេតុ ពេលលោកតាលោកយាយយកចង្ហាន់មកប្រគេនព្រះសង្ឃក្នុងវត្ត ក៏បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពអូសខ្សែ ភ្លើងឆ្វាយរង្វេលនៅក្បែររបងវត្តខាងត្បូងសាលាឆាន់ ភ្លាមនោះលោកតាលោកយាយក៏បានស្រែកហៅអ្នកនៅក្នុងវត្តជួយ លឺដូច្នោះជនសង្ស័យក៏បានទម្លាក់ខ្សែភ្លើង ចោល ហើយផ្លោះរបងវត្តចេញទៅខាងក្រៅ។
បន្ទាប់មកលោកតាតំណាងគណៈកម្មការវត្តក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលព្រែកអំពិល។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៦យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ បន្ទាប់ពីខ្លួនបានចេញពីពន្ធនាគារមកវិញ ខ្លួនបានចាប់ផ្តើមប្រើប្រាស់គ្រឿងញៀនឡើងវិញ ហើយនៅកំឡុងមុនចូលឆ្នាំ២០២៦ខ្លួនក៏ធ្លាប់លួចទូរសព្ទគេបានមួយគ្រឿង ក៏ត្រូវបានម្ចាស់គេតាមទាន់ខ្លួនក៏ប្រគល់ទូរស័ព្ទនោះឱ្យវិញ ហើយនៅថ្ងៃកើតហេតុចុងក្រោយឈ្មោះ ចាន់ នី ភេទប្រុស ធ្លាប់ស្គាល់គ្នា បានបបួលខ្លួនជិះម៉ូតូទៅយកខ្សែភ្លើងដែលបានលួចកាត់នៅក្នុងវត្តព្រែកអំពិល តែត្រូវបានលោកតាលោកយាយនៅក្នុងវត្តឃើញនិងស្រែកថាចោរៗ ខ្លួនក៏ទម្លាក់ខ្សែភ្លើងនោះចោលហើយផ្លោះរបងចេញទៅខាងក្រៅវិញ។ រហូត មកដល់ម៉ោង០៩និង៣០នាទីថ្ងៃទី១៣កញ្ញាឆ្នាំ២០២៦ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដើម្បីចាត់ការតាមនីតិវីធី៕
ដោយ៖ សុរិយា










