ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជា បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជា បានព្យាយាមដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដូចប្រទេសជិតខាងកម្ពុជា ដែលបានទទួលផលប្រយោជន៍នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជា និងថៃ បានចាប់ផ្តើមការពិភាក្សាគ្នាស្តីអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរនៅក្នុងខែមេសា ឆ្នាំ១៩៩៥ ហើយដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រជាន់គ្នានៃខ្ពង់រាបបាតសមុទ្រ។ លោក​ឧបនាយករដ្ឋមន្រ្ដីបានបន្ដថា អនុស្សរណៈនេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។ តែទោះបីជាមានការខិតខំចរចាស្វែងរកដំណោះស្រាយក៏ដោយ ក៏ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយលើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួម ហើយធនធានក្រោមសមុទ្រក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែនក៏នៅមិនទាន់ត្រូវបានរុករក ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួលបានផលប្រយោជន៍ជាងពេលណាៗទាំងអស់ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដីក៏បានរម្លឹកផងដែរថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃ បានប្រកាសជាសាធារណៈអំពីការលុបចោលដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសកម្ពុជា សុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។ ស្ថិតក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្តិវិធីដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។

លោក​ឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងនីតិវិធីដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជា បានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដោយនៅពេលកម្ពុជា ចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសមួយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានប្រសាសន៍ថា៖ «កម្ពុជា ក៏ដូចជាថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ» ដែលដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការកសាងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។

លោក​ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន​ បានគូសបញ្ជាក់ថា​«ដំណោះស្រាយនេះ នឹងការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានធម្មជាតិ គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនតែសម្រាប់ពេលបច្ចុប្បន្ននេះទេ ប៉ុន្តែថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជា និងថៃទៀតផង»។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានជ្រើសរើសយកជម្រើសនេះដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា មើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ពុំមែនជាទម្រង់នៃការបង្កើតភាពតានតឹងនោះឡើយ»។ លោកឧបនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា កម្ពុជា សង្ឃឹមដោយស្មោះថា កម្ពុជា និងថៃ នឹងចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលសកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនកម្ពុជាភៀសសឹកជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ការពារថែរក្សាទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគី។

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្រ្ដី​ បានសង្កត់ធ្ងន់ថា៖ «កិច្ចប្រឹងប្រែងបែបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ ហើយការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរនោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង»៕

...

ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print