ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសសរុបចំនួន ១,០៣៥នាក់ ក្នុងនោះស្រី១០៤នាក់ ពី៣៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះ ត្រូវបានអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ឱ្យបន្តអនុវត្តនីតិវិធីបណ្ដេញជនបរទេសទាំងនោះជាបន្តបន្ទាប់។ ជនបរទេសទាំង៣៣សញ្ជាតិ រួមមាន ចិន បង់ក្លាដេស វៀតណាម ឥណ្ឌូនេស៊ី ថៃ កាមេរូន នីហ្សេរីយ៉ា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ម៉ាដាហ្កាស្ការ តៃវ៉ាន់ ប៊ូរុនឌី ហ្គាណា អេត្យូពី កេនយ៉ា ជប៉ុន ទុយនេស៊ី លីបេរីយ៉ា ស្រីលង្កា ហ្គំប៊ី ឡាវ ឥណ្ឌា អាហ្វ្រិកខាងត្បូង កូរ៉េ ណាមីប៊ី តូហ្គោ ទួកមេនីស្ថាន ប៉ូឡូញ រុស្ស៊ី អង់គ្លេស អង់ហ្គោឡា អាល្លឺម៉ង់ និងអេហ្ស៊ីប។
ក្នុងចំណោមនោះ ជនបរទេសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន ជនជាតិចិនចំនួន ៥៧២នាក់ ក្នុងនោះស្រី១៥នាក់ ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជនជាតិថៃចំនួន ៦៥នាក់ ក្នុងនោះស្រី២៨នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនជាតិវៀតណាមចំនួន ៨៦នាក់ ក្នុងនោះស្រី២៨នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
ដោយឡែក ជនបរទេសមួយចំនួនទៀតដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប។ ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹងករណីផ្សេងៗ ដូចជា លួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
ប្រតិបត្តិការនេះ គឺជាការអនុវត្តតាមបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបទល្មើសពាក់ព័ន្ធនឹងជនបរទេសនៅកម្ពុជា។ ក្រោមការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ស្វែងរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕


ដោយ៖ ជ្រោយពេជ្រ










