ភ្នំពេញ៖ បើយោងតាមរបាយការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបង្ហាញថា កម្ពុជាជាប្រទេសទី១ ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុត ដែលជាបច្ចេកវិទ្យាថ្មីរបស់ប្រទេសចិន ដែលបច្ចុប្បន្ននេះដំណើរការរៀបចំ និងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួនរបស់កម្ពុជា រួមមាន៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, និង ខេត្តសៀមរាប ដែលបច្ចេកវិទ្យាថ្មីនេះ ល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ ១០នាទីប៉ុណ្ណោះ។
របាយការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នៅគ្រាដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។
របាយការណ៍ដដែល បានបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD របស់លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បន្ថែមអំពីភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏ទំនើបរបស់ក្រុមហ៊ុន BYD ជាពិសេសបច្ចេកវិទ្យានៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរយៈពេលបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែលល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ ១០នាទីប៉ុណ្ណោះ។
បន្ថែមពីនេះ របាយការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់បន្ថែមថា ជាមោទនភាព កម្ពុជាគឺជាប្រទេសទីមួយនៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ មកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ននេះដំណើរការរៀបចំ និងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ របស់កម្ពុជា រួមមាន៖ (១) រាជធានីភ្នំពេញ, (២)ខេត្តព្រះសីហនុ, និង (៣) ខេត្តសៀមរាប ហើយរំពឹងថា ត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយចំនួន ១៨ទីតាំង នឹងបើកឱ្យដំណើរការផ្តល់នូវសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះផងដែរ៕
ដោយ៖តារា










