ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាល ជំងឺមហារីក។ ពិធីសម្ពោធមន្ទីរពេទ្យដែលដើរតួនាដ៏សំខាន់ក្នុងការព្យាបាលជំងឺមហារីកនេះ ក៏មានការអញ្ជើញ ចូល រួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យ ព្រមទាំងនិស្សិតសិក្សាផ្នែកសុខាភិបាលជាច្រើន រូប ទៀត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក ខណៈមន្ទីរពេទ្យនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
– សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា «មន្ទីរពេទ្យហ្លួងម៉ែ» ពីដើមដំបូងជាមន្ទីរពេទ្យស្រ្ដីនគរទេព ប៉ុន្ដែក្រោយមកតាមរយៈចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមេរៀនអំពីជំងឺឆ្លងនៃកូវីដ-១៩ បង្ហាញឱ្យយើងឃើញថា ជំងឺឆ្លងនេះគឺនឹងមិនចប់ទេ ដូច្នេះយើងត្រូវគិតគូរទៅថ្ងៃក្រោយត្រូវមានពេទ្យឯកទេសដាច់ដោយឡែកមួយ។
– សម្ដេចធិបតី ថ្លែងរំឭកឡើងវិញពីការខិតខំរបស់កងទ័ពអាវស ក្រុមគ្រូពេទ្យរបស់កម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាពិសេសមន្ទីរពេទ្យកម្រិតធ្ងន់បានចូលរួមជួយសង្គ្រោះពលរដ្ឋដែលមានជំងឺធ្ងន់ៗ ក្នុងនោះក៏មាន«មន្ទីរពេទ្យហ្លួងម៉ែ»ផងដែរ។
– សម្ដេចធិបតី បានថ្លែងថា គ្រប់ដំណាក់កាលទាំងអស់ មិនថាដំណាក់កាលខ្មៅងងឹងយ៉ាងណា ឬដំណាក់កាលកូវីដ-១៩ គឺរាជរដ្ឋាភិបាលខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាដែលអាចធ្វើទៅបាន។ នេះហើយគឺជាឧទាហរណ៍ជាស្ដែងចំពោះសង្គមជាតិកម្ពុជាដែលបានរួមគ្នា នៅពេលដែលជាបញ្ហាយើងរួមគ្នាដោះស្រាយ ជាស្មារតីជាតិខ្មែរក្នុងការម្ចាស់ការ ធានានូវសុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋ។
– សម្ដេចធិបតី បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» បានប្រែក្លាយពីមន្ទីរពេទ្យដែលជួយពលរដ្ឋក្នុងដំណាក់កាលកូវីដ-១៩ មកជាមន្ទីរពេទ្យដែលបន្តបំពេញភារកិច្ចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ខណៈការរៀបចំមន្ទីរពេទ្យនេះជាជំហានៗ គឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាជូនពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។
– សម្ដេចធិបតី បានថ្លែងថា បើទៅព្យាបាលជំងឺមហារីកនៅក្រៅប្រទេសពលរដ្ឋម្នាក់ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ៨ ម៉ឺនដុល្លារ ប៉ុន្ដែ ការវិនិយោគនៅ «មន្ទីរពេទ្យហ្លួងម៉ែ» រាជរដ្ឋាភិបាលចំណាយថវិកាច្រើន វិនិយោគនៅទីនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ខណៈនៅមន្ទីរពេទ្យ «មន្ទីរពេទ្យហ្លួងម៉ែ» ពិនិត្យម្ដងត្រូវចំណាយប្រមាណ ៣០ដុល្លារប៉ុណ្ណោះ និងមានផ្នែកមួយចំនួនអាចប្រើប្រាស់បណ្ណ ប.ស.ស ថែមទៀតផង។
– សម្ដេចធិបតី បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» មិនមែនជាមន្ទីរពេទ្យរបស់នរណាម្នាក់ទេ ប៉ុន្ដែជាមន្ទីរពេទ្យរបស់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា, ពលរដ្ឋដែលត្រូវការការព្យាបាល ការពិគ្រោះយោបល់ អាចមកមន្ទីរពេទ្យនេះបាន បើកទូលាយ និងផ្ដល់លទ្ធភាពជូនដល់ពលរដ្ឋគ្រប់រូប។
– សម្ដេចធិបតី ថ្លែងជំរុញឱ្យក្រសួងសុខាភិបាលបន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។
– សម្ដេចធិបតី ថ្លែងជំរុញគ្រូពេទ្យឱ្យបន្តបំពេញតួនាទីដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាឧត្តមប្រយោជន៍សម្រាប់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា គ្រូពេទ្យល្អ គឺត្រូវមានទាំងជំនាញ និងបេះដូង។
– សម្ដេចធិបតី ថ្លែងលើកទឹកចិត្ត ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ «មន្ទីរពេទ្យហ្លួងម៉ែ» បន្តបំពេញតួនាទីភាកិច្ចប្រកបដោយសីលធម៌វិជ្ជាជីវៈ និងតម្កល់អាយុជីវិតរបស់អ្នកជំងឺជាឧត្តមប្រយោជន៍ របស់អង្គភាពផង និងសាមីខ្លួនផង ដោយត្រូវចាំថា «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង និងត្រូវអនុវត្តគោលការណ៍ ៣ឆាប់ គឺរកឃើញឆាប់ បញ្ចូនឆាប់ និងព្យាបាលឆាប់» ខណៈពេលវេលាគឺសំខាន់ណាស់សម្រាប់អ្នកជំងឺ។
– សម្ដេចធិបតី ថ្លែងថា ពេទ្យមិនមែនជាទេវតា តែជាប្រតិបត្តិកររបស់ទេវតា ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាលហើយជា ជួយអ្នកដែលរងហានិភ័យនៃការបាត់បង់ជីវិតឱ្យនៅមានជីវិត ដូច្នេះប្រសិទ្ធភាព សមត្ថភាពបូក និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកិច្ចការចំបងសម្រាប់ពេទ្យទាំងអស់។
– សម្ដេចធិបតី ថ្លែងថា គោលនយោបាយ និងផែនការយុទ្ធសាស្រ្ដសុខាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ ចំពោះអភិក្រមក្នុងការអនុវត្ត គឺ«ពង្រឹងមូលដ្ឋាន គឺពីក្រោមឡើង, ពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះក្រោម»។ ពីក្រោមឡើងថា គឺពង្រឹងសមត្ថភាពមូលដ្ឋានចាប់ពី ប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក, ចំណែកពង្រឹកសមត្ថភាពនៃជំនាញដែលត្រូវការត្រូវការវិនិយោគធំ ដូចជាពេទ្យមហារីក ពេទ្យបេះដូង និងផ្សេងៗទៀត គឺត្រូវធ្វើពីថ្នាក់ជាតិ ទៅតំបន់ រហូតដល់ថ្នាក់ខេត្ត ព្រោះត្រូវការធនធានច្រើន បណ្ដុះបណ្ដាលពេលវេលាយូរ និងត្រូវគិតគូរដល់គុណភាព។
– សម្ដេចធិបតី ថ្លែងថា រយៈពេលបីឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនរាប់មិនអស់, ក្នុងនោះវិស័យសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ទិសដៅ ផ្ដល់សេវាសុខភាព ២៤លើ២៤ម៉ោង ដោយបង្កើនចំនួនពេទ្យ ដោយមកដល់ពេលនេះបានជ្រើសរើសចំនួនពេទ្យ គិលានុបដ្ឋាយិកា និងឆ្មប បានចំនួន ៥២២នាក់ ក្នុងនោះមន្រ្ដីក្របខណ្ឌ ៨២នាក់ និងមន្រ្ដីផ្អែកលើកិច្ចព្រមព្រៀងការងារ ៤៤០ នាក់ ដោយបានដាក់ពង្រាយ។
– សម្ដេចធិបតី ថ្លែងថា មកដល់ពេលនេះមណ្ឌលសុខភាពដែលមានលទ្ធភាព បើក ២៤ម៉ោង លើ២៤ម៉ោង នៅទូទាំងប្រទេស កើនដល់ ៩៩.៣ ភាគរយ ខណៈ ៧% ដែលនៅសល់ គឺស្ថិតនៅតាមបណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងថៃ ដែលមិនទាន់អាចសម្រេចបាន។
– សម្ដេចធិបតី ថ្លែងថា ថ្ងៃណាមួយនៅម៉ោង ២ទៀបភ្លឺ សម្ដេចនឹងទៅដល់មុខផ្ទះរដ្ឋមន្រ្ដីសុខាភិបាលដើម្បីហៅចុះទៅពិនិត្យតាមមណ្ឌលសុខភាពថា ពិតជាបានបើកដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ពិតប្រាកដមែន ខណៈរដ្ឋមន្រ្ដីបានអះអាងថាមណ្ឌលសុខភាពទូទាំងប្រទេសស្ទើតែ ១០០% បានបើកដំណើរការរួចហើយ។
សម្តេចធិបតី បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវបត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវគុណភាពថ្នាំពេទ្យ និងបរិក្ខារបស់ក្រុមហ៊ុនដេញថ្លៃថ្នាំពេទ្យឱ្យបានច្បាស់លាស់។
សម្ដេចធិបតី មិនឯកភាព ចំពោះសំណើរយកទីតាំងពេទ្យរដ្ឋ ផ្ដល់សេវាលក្ខណៈឯកជន។ សម្ដេចធិបតីបញ្ជាក់បែបនេះ បន្ទាប់ពីមានក្រុមហ៊ុនឯកជនមួយមកពីក្រៅប្រទេស សុំគោលការណ៍យកផ្នែកខ្លះ នៃទីតាំងពេទ្យរដ្ឋ បំពាក់បរិក្ខា សុំសិទ្ធប្រើប្រាស់ពេទ្យរដ្ឋ បណ្ដុះបណ្ដាល ហើយបើកផ្ដល់សេវាឯកជន។
សម្ដេចបធិបតី បញ្ជាឱ្យ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យលើផលិតផលលក់តាមអនឡាញ ដូចជា ឡេ និងផ្សេងៗទៀត ហើយចាត់វិធានការបន្ទាន់ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជន។
សម្ដេចធិបតី បញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រួតពិនិត្យឱ្យច្បាស់ចំពោះក្រុមហ៊ុនដេញថ្លៃផ្គត់ផ្គង់ថ្នាំពេទ្យ សម្ភារ បរិក្ខាប្រើប្រាស់ ដោយត្រូវធានាឱ្យបានចំពោះគុណភាព។
សម្ដេចធិបតី ថ្លែងថា សម្រាប់សេវាសុខាភិបាលមួយឱ្យមានក្រិតក្រមតឹងចុះដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ, សម្ដេចផ្ដល់ដល់យុវជនដែលរៀនពេទ្យត្រូវរៀនឱ្យចេះ កុំទាមទារជាប់ដោយគ្មានការប្រឡង, ត្រូវប្រឡងឱ្យជាប់ព្រោះពេលដែលចេញទៅធ្វើតេស្ដ បានដាក់អនាគតរបស់យើងជាមួយជីវិតមនុស្ស។
សម្ដេចធិបតី៖ «រឿងទឹកដីយើងមិនដែលភ្លេចទេ ការដោះស្រាយគ្រប់វិធីទាំងអស់មិនដែលភ្លេចសូម្បីមួយវិនាទី, រាល់ថ្ងៃកងទ័ពយើងនៅឈរជើងនៅជួរមុខដើម្បីទប់ស្កាត់ និងការពង្រឹងការពារជាតិ។ មេទ័ពយើងដែលឈរជើងត្រៀមប្រយុទ្ធ អត់មានបោះបង់ទឹកដីឱ្យពីណាគេទេ។ បើនិយាយថាបាត់ទឹកដីទាល់តែរដ្ឋាភិបាលស៊ីញ្ញេ ឯកភាព, យើងអត់មានស៊ីញ្ញេ ឯកភាពទេ។ ស្អីដែលមានឯកភាពជាមួយថៃ ទី១ផែនទី អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលបារាំងស៊ីញ្ញេជាមួយសៀម»។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រឿងទឹកដីនេះ យើងមិនទាន់មានស៊ីញ្ញេឱ្យភាពណាមួយនៅលើព្រំដែនទឹក ព្រំដែនគោកទេ។ JBC ចុះធ្វើការ ២០ បានឯកភាពទៅលើបង្គោលមួយចំនួន ប៉ុន្ដែមិនទាន់មានការផ្ទៀងផ្ទាត់ឡើងវិញនៅខ្សែព្រំដែនដែលវាស់តាំងពីឆ្នាំ ១៩០៧ នោះទេ។ អត់មានខ្សែព្រំដែនថ្មីដែលត្រូវធ្វើទេ ការចុះទៅលើដី អ្នកខ្លះថា បង្គោលថ្មីម្លេះ សូមប្រាប់ថា គេចុះទៅមិនមែនកំណត់រកបង្គោលទេ គេរកទីតាំងបង្គោល។ បង្គោលខ្លះ ថ្មី ឬចាស់ បើសិនជាវានៅខុសទីតាំង ដែលកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ គឺត្រូវរំកិលចេញទៅវិញ។
សម្ដេចធិបតី៖ «យើងបាត់ដី ស៊ីញ្ញេដីឱ្យគេ គ្មានទេ, យើងគ្មានពេលនេះ នឹងគ្មានពេលណាទាំងអស់ ព្រោះផ្អែក និងធ្វើតាមសន្ធិសញ្ញា និងអនុញ្ញាដែលមានស្រាប់ កិច្ចព្រមព្រៀងដែលមានស្រាប់តាមបច្ចេកទេស សូមបញ្ជាក់គ្មានការបាត់ទេ។ បាត់ការគ្រប់គ្រងមែន ក្រោយវ៉ៃគ្នា ប៉ុន្មានចំណុចយើងមាន ប៉ុន្ដែសួរថា កន្លែងបាត់ការគ្រប់គ្រងនេះសួថា មានកន្លែងណាដែលប៉ូលិស ទាហានយើងមិនស្លាប់ទេ? ខ្ញុំសួរ កន្លែងណា? អានសេះ កន្លែងនឹងស្លាប់ប៉ុន្មាននាក់ របួសប៉ុន្មាននាក់ តើយើងចុះឱ្យគេយកទេ? រដ្ឋាភិបាលបញ្ជាឱ្យទេ អត់ទេ!
សម្ដេចធិបតី៖«ដរាបណាយើងនៅមានសមត្ថភាពដោះស្រាយ ទ្វានៅបើក ដោយចរចា ប្រើច្បាប់ យន្តការការទូត និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង JBC ចុះវាស់វែង យើងនៅតែមានឱកាស។ ប្រើពេលវាយូរ ខ្ញុំសូមឱ្យបងប្អូនយោគយល់។ វាមិនខុសពីវីរៈកងទ័ពយើងទាំង ១៨នាក់ទេ រឿងវាអាចដោះស្រាយតែពីរថ្ងៃ ប៉ុន្ដែវាឈានដល់ ១៥១ថ្ងៃ»។
-សម្ដេចធិបតី ថ្លែងបង្ហាញការហួចិត្តចំពោះក្រុមអ្នកវិភាគជ្រុលនិយមក្រៅស្រុកមួយក្ដាប់តូចដែលមិនយល់ពីការងាររបស់រាជរដ្ឋាភិបាល ប៉ុន្ដែតែងតែចេញមកនិយាយដូចជាដឹងរឿង ហើយតែងតែចោទប្រកាន់មកលើរដ្ឋាភិបាលធ្វើនេះខុសធ្វើនោះខុស។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖ «ទង្វើនេះប្រៀបដូចជា យើងមើលរឿងមួយ ពេលមើលមិនយល់ តើគួរបន្ទោយអ្នកដឹកនាំរឿង ឬបន្ទោសខ្លួនឯង នៅពេលដែលអ្នកផ្សេងគេមើលយល់»។
សម្ដេចធិបតី ថ្លែងថា នាពេលខាងមុខ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវរៀបចំដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង» ដែលដាក់ឈ្មោះដើមជាប្រវត្តិសាស្រ្ដដើម្បីរក្សាទុកដល់ប្រជាពលរដ្ឋខ្មែរ ហើយនឹងដាក់ឱ្យដំណើរការនាពេលខាងមុខឆាប់ៗក្រោយពេលរៀបចំរួចរាល់។
សម្ដេចធិបតី ថ្លែងជុំរុញឱ្យមន្ត្រីតាមបណ្ដាខណ្ឌយកគំរូតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការចុះប្រមូលសំរាម និងរៀបហេដ្ឋារចនាសម្ព័ន្ធដែលមិនត្រឹមត្រូវដែលពលរដ្ឋសាងសង់នៅតាមមូលដ្ឋាន និងអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
– សម្ដេចធិបតី៖ បើធ្វើរដ្ឋាភិបាល រដ្ឋមន្ត្រី ចៅហ្វាយខេត្ត មេស្រុក មេឃុំ មេប៉ូលីស ប៉េអឹម មិនហ៊ានអនុវត្តច្បាប់ដោយខ្លាចប៉ះអារម្មណ៍គេ ឈប់ធ្វើទៅ។ អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ១៧លាននាក់ទេអី? សម្ងំសុខតែខ្លួនឯង ដូច្នេះបានកន្លែងខ្លះ ត្រូវកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត ព្រោះអត់ធ្វើ ចឹងយើងដាក់អ្នកដែលសកម្មជាងមុន។
សូមជម្រាបថា «មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យាបាលជំងឺ រោគស្ត្រី ដែលជាការផ្តួចផ្តើមគំនិតរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានទិញយកមន្ទីពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។ តាមរយៈការលើកយោបល់នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មន្ទីរពេទ្យហ្លួង ម៉ែង» ជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលសាធារណៈ តាមរយៈអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕





ដោយ៖តារា










