រថយន្តដឹកកញ្ចក់ជាន់ហ្វ្រាំង បណ្ដាលឱ្យកញ្ចក់រេសង្កត់កាប៊ីន កម្មករម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គួរឱ្យសោកស្តាយមួយបានកើតឡើង បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្តដឹកកញ្ចក់បានជាន់ហ្វ្រាំង បណ្ដាលឱ្យកញ្ចក់ដែលដឹកនៅលើរថយន្តរេចចេញពីកន្លែងផ្ទុក និងសង្កត់លើកាប៊ីន។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៨៖០០នាទី ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េមួយគ្រឿង ដែលដឹកកញ្ចក់ពេញរថយន្ត បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងបើកឆ្លងផ្លូវ ធ្វើឱ្យអ្នកបើកបររថយន្តដឹកកញ្ចក់ជាន់ហ្វ្រាំងភ្លាមៗ។
ការជាន់ហ្វ្រាំងនេះបានបណ្ដាលឱ្យកញ្ចក់ដែលដឹកនៅលើរថយន្តរេចចេញពីកន្លែងផ្ទុក និងរុញទៅខាងមុខ សង្កត់លើកាប៊ីនរថយន្ត និងមនុស្សដែលនៅជាប់ជញ្ជាំងរថយន្តខាងក្រោយ។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងរថយន្តមានមនុស្សសរុបចំនួន៧នាក់ ក្នុងនោះមានតៃកុងរថយន្តម្នាក់ និងកម្មករ៦នាក់ជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ទិត្យ សាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋម ជនរងគ្រោះបានដេកអែបក្បែរកាប៊ីនរថយន្ត ខណៈកម្មករ៦នាក់ទៀតអង្គុយនៅក្នុងកាប៊ីន នៅពេលកញ្ចក់រេចចេញមកខាងមុខ បានរុញ និងបុកសង្កត់លើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ព្រមទាំងប្រើរថយន្តស្ទូច ដើម្បីលើក និងយកកញ្ចក់ចេញពីកាប៊ីន សម្រាប់ជួយសង្គ្រោះជនរងគ្រោះ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សពជនរងគ្រោះឈ្មោះ ទិត្យ សាល ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកតៃកុងរថយន្ត និងវត្ថុតាងពាក់ព័ន្ធនឹងករណីនេះ ត្រូវបានកម្លាំងជំនាញចរាចរណ៍រាជធានីភ្នំពេញយកទៅរក្សាទុក ដើម្បីបន្តនីតិវិធី និងរង់ចាំការដោះស្រាយនៅពេលក្រោយ។

...

ករណីគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញបន្តពិនិត្យ និងស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ និងចាត់ការតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print