បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅព្រំប្រទល់សៀមរាប-កំពង់ធំ កម្ទេចរបាំងស្បៃមុងជាង១ពាន់ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កងកម្លាំងចម្រុះខេត្តកំពង់ធំ បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទនៅនឹងកន្លែង ក្នុងគោលបំណងទប់ស្កាត់ការបំផ្លាញធនធានមច្ឆាជាតិ។

 

ប្រតិបត្តិការនេះធ្វើឡើងកាលពីម្សិលមិញ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤ បានសហការជាមួយកងកម្លាំងចម្រុះ ចុះធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់ព្រំប្រទល់ខេត្តទាំងពីរ។ ប្រតិបត្តិការនេះដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព មេក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកស្ទោង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

 

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ លទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងចម្រុះបានកាប់បំផ្លាញ និងរុះរើឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទនៅនឹងកន្លែង រួមមានរបាំងស្បៃមុងចំនួន២៤របាំង ប្រវែងជាង១,២០០ម៉ែត្រ និងឡុកស្បៃមុងចំនួន៣៤គ្រឿង ព្រមទាំងលូ ឬលបចំនួន៤៥មាត់។ ក្រៅពីនេះ កម្លាំងចម្រុះក៏បានរុះរើរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន៣របាំង ប្រវែងជាង៦៥០ម៉ែត្រ ឡុកសាច់អួនចំនួន៦គ្រឿង និងលូ ឬលបសាច់អួនចំនួន១២មាត់ ព្រមទាំងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំផ្សេងទៀត។

ក្នុងប្រតិបត្តិការនោះ កម្លាំងក៏បានចាក់លែងត្រីចម្រុះប្រមាណជាង៤០គីឡូក្រាមទៅក្នុងប្រភពទឹកធម្មជាតិវិញ និងរុះរើបង្គោលឈើដែលប្រើប្រាស់ជាមួយឧបករណ៍នេសាទខុសច្បាប់ចំនួន៩៨០ដើម។ សកម្មភាពបង្ក្រាបនេះ ត្រូវបានអាជ្ញាធរចាត់ទុកថា ជាការបន្តទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអាចប៉ះពាល់ដល់ធនធានមច្ឆាជាតិ និងប្រភពធនធានត្រីសម្រាប់ប្រជាពលរដ្ឋ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលច្បាប់បានហាមឃាត់ ដើម្បីចូលរួមថែរក្សា និងស្តារធនធានមច្ឆាជាតិឱ្យមានភាពសម្បូរឡើងវិញ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីចូលរួមការពារធនធានមច្ឆាជាតិ និងរក្សាទុកធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print