ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:០៧នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបករណីគ្រឿងញៀនចំនួន ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ នុត វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ (ទម្ងន់០.៤០ក្រាម), ទូរស័ព្ទ ចំនួន ០៥គ្រឿង (ខូច ៥គ្រឿង), ម៉ូតូចំនួន ០១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










