ភ្នំពេញ៖ លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពមកជាប្រទេសមួយដែលបច្ចុប្បន្នជួយស្វែងរកសន្តិភាពជូនបណ្តាប្រទេសដទៃ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយក្នុងកិច្ចប្រឹងប្រែងសកល។
ការកោតសរសើរបែបនេះរបស់ លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការ UN ក្នុងពិធីបំពាក់មេដាយជូនកងកម្លាំងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបំពេញបេសកកម្មដោយជោគជ័យ នៅអាហ្វ្រិកកណ្តាល និងលីបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា បានថ្លែងបន្តថា កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបំពេញភារកិច្ចនៅទីកន្លែងដែលមានស្ថានភាពលំបាកបំផុត ជាច្រើនក្នុងពិភពលោក ដើម្បីការពារជនស៊ីវិល គាំទ្រសហគមន៍ និងថែរក្សាសន្តិភាពអោយបានយូរអង្វែង។ កងកម្លាំងដែលបានផ្តល់កិត្តិយសនៅថ្ងៃនេះ គឺជាផ្នែកមួយនៃប្រពៃណីដ៏គួរជាទីមោទនៈ។ កម្ពុជាបានក្លាយជាភាគីរួមចំណែកដ៏មានតម្លៃមួយ ក្នងកិច្ចខិតខំប្រឹងប្រែងជាសកល។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះមានកងកម្លាំងរក្សាសន្តិភាពកម្ពុជាជាង ១០,០០០នាក់ បានចូលរួមបេសកកម្មនៅតាមបណ្តាប្រទេស ចំនួន១០ ដែលបានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះកិច្ចសហការពហុភាគី និងសាមគ្គីអន្តរជាតិ។
អ្នកសម្របសម្រួល UN បានបញ្ជាក់ថា កម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ រយៈពេល២០ឆ្នាំ សូមអបអរសាទរនូវដំណើរដ៏វិសេសវិសាលពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពមកជាប្រទេសមួយដែលបច្ចុប្បន្នជួយស្វែងរកសន្តិភាព និងស្ថិរភាពជូនដល់បណ្តាប្រទេសដទៃ។ អង្គការសហប្រជាជាតិកំពុងទន្ទឹងរង់ចាំការប្រារព្ធខួប២០ឆ្នាំដ៏សំខាន់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី វ៉ាដង់កា អង់ដ្រេវ៉ា បានបញ្ជាក់ថា អង្គការសហប្រជាជាតិសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព និងទទួលស្គាល់ថាការដឹកនាំរបស់ស្ត្រីគឺមានសារៈសំខាន់ សម្រាប់ការកសាងសន្តិភាពប្រកបដោយចីរភាព។ នារីដែលជាកងកម្លាំងរក្សាសន្តិភាពដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិភាពកាន់តែ មានប្រសិទ្ធភាព រួមចំណែក និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍៕ ដោយ៖តារា










