ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពខេត្ត ចុះបង្ក្រាប ទីតាំងផ្ទះរបស់លោក សុន រីណា សង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ឃាត់ ជនសង្ស័យទាំង ១៤ នាក់ នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុង សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះស្រាវជ្រាវ និងបង្រ្កាប ទីតាំងផ្ទះរបស់លោក សុន រីណា សង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត។
ជាលទ្ធផល ក្រុមការងារ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤ នាក់ (ស្រី ៦ នាក់) ជាជនជាតិវៀតណាម និងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ កុំព្យូទ័រ All in 1 ម៉ូនីទ័រ និងលិខិតឆ្លងដែន។
ចំពោះជនសង្ស័យទាំង ១៤ នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តស្វាយរៀង ដើម្បីបន្តតាមនីតិវិធី។ រីឯទីតាំងផ្ទះ ក្រុមការងារសម្រេចបិទជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា សមាសភាពចូលរួមមាន លោកស្នងការរងខេត្ត លោកអភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការរង អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយរងប៉ុស្ដិ៍រដ្ឋបាល មេភូមិតាពៅ និងកម្លាំងនគរបាលខេត្ត/ ក្រុង។










