ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានឃាតករចាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងចម្ការប្រេង ខ្យល់មួយកន្លែង ដែលពុំទាន់ដឹងថាជាអំពើប្លន់ ឬក៏ឃាតកម្មព្រោះតែរឿងទំនាស់និងគំនុំអ្វីមួយនៅឡើយទេ ប៉ុន្តែមហាជនសង្ស័យជាអំពើប្លន់យកម៉ូតូ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងចម្ការប្រេងខ្យល់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ត្រង់ចំណុចគីឡូម៉ែត្រលខ២៥ ក្នុងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដោយឡែកបុរសរងគ្រោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពខ្លះបានអះអាងថាគាត់មានទីលំនៅឯខេត្តតាកែវ និងប្រភពខ្លះទៀតថានៅខេត្តកំពង់ធំ ហើយជំហានដំបូងត្រូវបានមហាជនដាក់ការសង្ស័យថា ជាករណីប្លន់យកម៉ូតូ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចកើតហេតុនោះ ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើ ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមចាក់របួសច្រើនកន្លែង ។ បន្ទាប់មកក៏បានរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ និងនគរបាលស្រុកអង្គស្នួល ឲ្យចុះទៅពិនិត្យមើលទាំងយប់ ហើយសាកសពបានស្ថិតនៅកន្លែងកើត ហេតុនោះពេញ១យប់ ។ រហូតដល់ព្រឹកថ្ងៃទី២២ ខែ កញ្ញា ទើបកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការខេត្តកណ្ដាលខេត្តកណ្ដាល ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ប៉ុន្តែនគរបាលពុំបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជាអំពើប្លន់ ឬជារឿងទំនាស់ និងគំនុំអ្វីមួយនៅឡើយទេ ។
ចំណែកមន្ត្រីនគរបាលមួយរូបបានប្រាប់ថា ពិតជាមានហេតុការណ៍ចាក់សម្លាប់មនុស្សមែន ហើយពុំទាន់ច្បាស់ថាជាករណីអ្វីឲ្យប្រាកដនោះទេ រីឯជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណហើយ ប៉ុន្តែលោកគ្រាន់ឮគេថាស្គាល់អត្តសញ្ញាណប៉ុណ្ណោះ ។
គិតមកត្រឹមរសៀលថ្ងៃនេះ តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថា ជា CEO ធនាគារមួយ នៅម្ដុំផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយមានទីលំនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅខេត្តតាកែវ ៕










