ខេត្តស្វាយរៀង:រហស្សនាម ក្រុមPT ទំនើង ៥នាក់ ត្រូវបាន នគរបាលស្រុកកំពង់រោទិ៍ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលេីជនរងគ្រោះ។
នគរបាលស្រុកកំពង់រោទិ៍ បានអោយដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៥នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះថា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២៦ វេលាម៉ោង២៣និង៤០នាទី មានក្រុមក្មេងមួយក្រុមមានគ្នាប្រហែល ៥-៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពដេញវាយខ្លួន និងបានកាប់បំផ្លាញម៉ូតូរបស់ខ្លួនទៀត។
ក្រោយពីទទួលបានព័ត៍មានភ្លាម ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាអោយលោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ ដឹកនាំកម្លាំងជំនាញ ទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវស៊េីបអង្កេត អនុវត្តន៍តាមវិធានការជំនាញ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចំនួន ០៥នាក់ ប្រុស (រហស្សនាមក្រុមPT) ដែលបានធ្វើសកម្មភាពដេញកាប់ទៅលេីជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះព្រមទាំង ដកហូតវត្ថុតាងរួមមានកាំបិតធ្វើសកម្មភាព និងម៉ូតូធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។










