នគរបាលខេត្តកណ្តាល ៖ សកម្មភាពអ្នកបើកបររថយន្ត ម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8209 បង្កហិង្សាទៅដល់អ្នកបើកបររថយន្តមួយគ្រឿងទៀត សមត្ថកិច្ចបាននឹងកំពុងបន្ត ស៊ើបអង្កេត ស្រាវជ្រាវ

ចែករំលែក៖

ខេត្តកណ្តាល ៖ នគរបាលខេត្តកណ្តាល ៖ សកម្មភាពអ្នកបើកបររថយន្ត ម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8209 បង្កហិង្សាទៅដល់អ្នកបើកបររថយន្តមួយគ្រឿងទៀត សមត្ថកិច្ចបាននឹងកំពុងបន្ត ស៊ើបអង្កេត ស្រាវជ្រាវ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធទៅនឹងការបង្ហោះវីដេអូក្នុងបណ្តាញសង្គមសកម្មភាពអ្នកបើកបររថយន្ត ម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8209 បង្កហិង្សាទៅដល់អ្នកបើកបររថយន្តមួយគ្រឿងទៀត។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ចំពោះករណីខាងលើ។

ផ្អែកតាមការស្រាវជ្រាវបឋម គឺជាករណី បើកបររថយន្តបង្កហិង្សា កើតហេតុកាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី កើតឡើងដោយមានបុរសម្នាក់បានបើករថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8209 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៨ មកដល់ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមប្រភពព័ត៌វីដេអូខាងលើ ឃើញថា បុរសខាងលើ បានបើករថយន្តមកកាក់ពីមុខរថយន្តមួយគ្រឿងទៀត តាមដងផ្លូវស្របទិសគ្នា ហើយបន្ទាប់មកបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ រួចហើយបុរសនោះបានឡើងបើកបររថយន្តបន្តឡើងលើស្ពានព្រែកតាមាក់ មិនដឹងឆ្ពោះទៅទីណាទៀតឡើយ។

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវទៅតាមការឆែកផ្លាកលេខរថយន្ត ភ្នំពេញ2BC-8209 រកឃើញថា ម្ចាស់កម្មសិទ្ធិករ ឈ្មោះ wang GuoDong ភេទប្រុស មានទីលំនៅផ្ទះលេខ២៩ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ តែមិនមានឈ្មោះ wang GuoDong រស់នៅក្នុងអាស័យដ្ឋាននេះទេ។

បន្ទាប់មកសមត្ថកិច្ចបានរកឃើញ គណនីហ្វេសប៊ុកឈ្មោះ ញ៉ឹក ឌឹន សុខុន ដែលជាអ្នកបើកបររថយន្តពាក់ផ្លាកលេខ ភ្នំពេញ 2BC-8209 បានបង្ហោះខ្លឹមសារធ្វើការសុំទោសសាធារណជន និងទទួលស្គាល់កំហុស ក្នុងករណីខាងលើនេះ។

ចំពោះករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្ត ស៊ើបអង្កេត ស្រាវជ្រាវ និងអញ្ជើញឱ្យភាគីទាំងពីរ ចូលមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើការបំភ្លឺនិងដោះស្រាវចំពោះករណីនេះ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបតាមការគួរ!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print