ទឹកស្ទឹងសែនឡើងដក់កម្រិតប្រកាសអាសន្ន បង្កផលប៉ះពាល់ស្រូវជិត ៤,៧០០ហិកតា និងផ្ទះប្រជាពលរដ្ឋជាង១ពាន់គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃ បានធ្វើឱ្យទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំហក់ឡើងលើសកម្រិតប្រកាសការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវ ផ្លូវថ្នល់ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងសែន។

 

យោងតាមមន្ត្រីជំនាញស្ថានភាពទឹកនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសែនមានកម្ពស់ ១៣,៦១ម៉ែត្រ និងមានលំនឹង ខណៈកម្រិតប្រកាសការប្រុងប្រយ័ត្នត្រឹម ១៣,៥០ម៉ែត្រ។ ចំណែកនៅស្ថានីយស្រុកសណ្តាន់ ទឹកមានកម្ពស់ ១៩,៣៨ម៉ែត្រ ខណៈកម្រិតប្រកាសការប្រុងប្រយ័ត្នត្រឹម ១៨,៥០ម៉ែត្រ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ដំណាំស្រូវសរុប ៤,៦៨១ហិកតា ស្មើនឹង ៥,០៥០គ្រួសារ នៅក្នុង ១១២ភូមិ និង២៣ឃុំ ប៉ុន្តែមិនទាន់មានការខូចខាតដំណាំស្រូវនៅឡើយទេ។ ក្នុងនោះ ស្រូវធ្ងន់ប៉ះពាល់ ៧៨២ហិកតា ស្រូវកណ្តាល ១,៨២៥ហិកតា និងស្រូវស្រាល ២,០៧៤ហិកតា។

តាមស្រុកដែលរងផលប៉ះពាល់ រួមមាន៖ ស្រុកសន្ទុក ១,៨១៧ហិកតា, ស្រុកតាំងគោក ១៦៤ហិកតា, ស្រុកប្រាសាទសំបូរ ៩៧ហិកតា, ស្រុកសណ្តាន់ ១៨២ហិកតា, ស្រុកស្ទោង ១,៩៩៤ហិកតា និងស្រុកបារាយណ៍ ៤២៧ហិកតា។ ក្រៅពីដំណាំស្រូវ ជំនន់ក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយផ្លូវគ្រួសក្រហមប្រវែងសរុប ៤៣,៤៣៣ម៉ែត្រ និងផ្លូវដីសប្រវែង ១៦,៣៦៥ម៉ែត្រ រងផលប៉ះពាល់។

ជាមួយគ្នានេះ ទឹកបានលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ១,៣០០គ្រួសារ នៅតាមបណ្តាស្រុក និងក្រុងមួយចំនួនក្នុងខេត្ត ហើយមានការជម្លៀសប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ស្មើនឹង ១៦ខ្នងផ្ទះ នៅស្រុកបារាយណ៍។ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលរងផលប៉ះពាល់ រួមមានសាលារៀន ១៧សាលា អណ្តូងទឹក ២៣ បង្គន់ ៥៤ វត្តអារាម ១២ និងមណ្ឌលសុខភាព ៦។

 

ដោយឡែក របាយការណ៍ក៏បានបញ្ជាក់ពីករណីលង់ទឹកចំនួន ១លើក បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ គឺឈ្មោះ ឃឹម ឃីម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រយាជើង ដោយលង់ទឹកនៅតំបន់ទំនប់យាយផ្កាយ។ ស្ថានភាពខាងលើបង្ហាញថា ទឹកស្ទឹងសែននៅខេត្តកំពង់ធំបានឡើងលើកម្រិតប្រកាសការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរបន្តតាមដានស្ថានភាពទឹក និងផលប៉ះពាល់ពីជំនន់នៅតាមតំបន់ដែលស្ថិតនៅតាមដងស្ទឹងសែន៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print