ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ៣នាក់ និងរឹបអូសបានសារធាតុញៀនទម្ងន់ជិត ១គីឡូក្រាម រួមជាមួយវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជ អាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។
របាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១១:២៨ នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបើកប្រតិបត្តិការ ស្រាវជ្រាវ កំណត់ មុខសញ្ញា បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ភេទស្រី) ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ធី សុផាន់ណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរក្រាំង អំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយចាប់យកវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន២កញ្ចប់ (ទម្ងន់១៤.៦៨ក្រាម) និងទូរស័ព្ទចំនួន០១គ្រឿង (ម៉ាកAI Camera ពណ៍ខៀវ)។
ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់ និងយកចិត្តទុកដាក់របស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនលុះដល់វេលាម៉ោង១១:៥២ នាទីព្រឹក (ថ្ងៃខែឆ្នាំដដែល) កម្លាំងជំនាញកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ បានបន្តស្រាវជ្រាវ និងកំណត់មុខនសញ្ញាទៅដល់ផ្ទះឈ្មោះ ឡុង បញ្ញា ដោយបានធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតបន្ថែមទៀត។ ដោយជនសង្ស័យមានឈ្មោះ ឡុង បញ្ញា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ស្រស់ រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២១កញ្ចប់ (កញ្ចប់ធំចំនួន ០៨កញ្ចប់) ទម្ងន់៩២៨.៤៤ក្រាម, ម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










