អាជ្ញាធរទន្លេសាបបង្ហាញកម្រិតទឹកស្ទឹងសំខាន់ៗចំនួន៨ក្នុងចំណោមស្ទឹងទាំង១១នៅ ជុំវិញបឹងទន្លេសាប ថាមានកម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរទន្លេសាបបង្ហាញឈ្មោះទឹកស្ទឹងសំខាន់ៗចំនួន៨ក្នុងចំណោមស្ទឹងទាំង១១នៅ ជុំវិញបឹងទន្លេសាប សម្រាប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ដែលមានកម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្នរួមមាន ទី១ ស្ទឹងសង្កែ (ទីរួមខេត្តបាត់ដំបង) ទី២ ស្ទឹងដូនទ្រី (សំណង់រាមគន់) ទី៣ ស្ទឹងមង្គលបូរី (សំណង់តាហែន) ទី៤ ស្ទឹងសិរីសោភ័ណ ទី៥ ស្ទឹងស្រែង (ក្រឡាញ់) ទី៦ ស្ទឹងជីក្រែង (កំពង់ក្តី) ទី៧ ស្ទឹងស្ទោង (ស្ពានស្ទោង) និងទី៨ ស្ទឹងសែន (ទីរួមខេត្តកំពង់ធំ)។ នេះបើយោងតាមអាជ្ញាធរទន្លេសាបបានឱ្យដឹងថា កាលពីសប្ដាហ៍មុន ទឹកស្ទឹងសែន ទីរួមខេត្តកំពង់ធំ ចាប់ផ្តើមឡើងមុនគេ។

 

បន្ទាប់មកទើបទឹកស្ទឹង៣ទៀតបានចាប់ផ្តើមឡើងនៅ ថ្ងៃទី២៦កញ្ញាគឺ ស្ទឹងសៀមរាបអាងក្រពើ ស្ទឹងសង្កែសំណង់សាលាតាអននិងស្ទឹងស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2626 បានជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលធ្វើឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗចាប់ពីថ្ងៃទី២៤ ដល់ដាច់ខែកញ្ញា ឆ្នាំ២០២៦។

 

ថ្វីបើ រាជធានីភ្នំពេញ និងបណ្តាខេត្តនៅកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់ របស់ព្យុះទី២៦នេះក្តី ប៉ុន្តែ ព្យុះនេះបានបង្កើនកម្លាំងខ្យល់មូសុងនិរតី ធ្វើឱ្យតំបន់វាលទំនាប និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៧០ភាគរយចំណែកតំបន់ខ្ពង់រាបគ្របដណ្តប់ ៥០ភាគរយ នៅអំឡុងពេលពីថ្ងៃទី២៤-២៧ កញ្ញា។ ជាពិសេសឥទ្ធិពលព្យុះនេះ បង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ក្បាលស្ទឹង និងតំបន់ជុំវិញ នៃភូមិសាស្ត្រខេត្តប៉ៃលិន និងស្រុកសំឡូត ដែលទឹកហូរចូលមកក្នុងទន្លេ ស្ទឹង ធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។

 

គួរជម្រាបជូនថា ស្ថានភាពបច្ចុប្បន្ន ព្យុះនេះបានថមថយឥទ្ធិពលបន្តិចវិញ ដោយកម្រិតទឹកភ្លៀងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញបានថយចុះមកនៅត្រឹម ៣០ភាគរយ ដល់ ៤០ភាគរយ វិញចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ៕ដោយ៖តារា

...

ប្រភព៖ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print