ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តជួបពិភាក្សាគ្នាជាលើកទី៤ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំដ៏មានសារៈនេះដែរ ភាគីទាំងបី មានដូចជា តំណាងរាជរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បានបន្តលើកយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ មកជជែកដេញដោលយ៉ាងលម្អិត បន្ទាប់ពីកិច្ចប្រជុំលើកទី៣ មិនទាន់ស្វែងរកឃើញសំឡេងឯកភាពរួម។
គួររម្លឹកថា គិតក្នុងកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រីភាគី លើកទី៣ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ តំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខ កំណើន ១៥,៣ដុល្លារ និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគី និយោជក បានស្នើរក្សាតួលេខនៅដដែល គឺចំនួន ២១០ដុល្លារ ក្រោមហេតុផលថា ដោយសារកន្លងទៅនេះ តំណាង ភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើររួចហើយ។
សូមបញ្ជាក់ជូនទៀតថា សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕
ដោយ៖តារា










