ខេត្តក្រចេះ៖ មនុស្ស៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីទូកចម្លងប្រជាពលរដ្ឋ១គ្រឿងបានលិច នៅចំណុចអូរគ្រៀង ស្ថិតក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២:៣០នាទី។
តាមការបំភ្លឺរបស់អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងថា នៅពេលកើតហេតុ មានប្រជាពលរដ្ឋចំនួន ៨នាក់ កំពុងជិះលើទូកចម្លង ខណៈទូកបានលិច បណ្តាលឱ្យខូចខាត និងលិចសម្ភារៈមួយចំនួន រួមមានម៉ូតូចំនួន ៤គ្រឿង និងម៉ាស៊ីនកាណូត ១គ្រឿង។
ក្រោយកើតហេតុភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែជិះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ចុះអន្តរាគមន៍ជួយសង្គ្រោះ ដោយអាចជួយសង្គ្រោះមនុស្សទាំង ៨នាក់បានទាន់ពេលវេលា និងមិនមានអ្នករងគ្រោះដល់អាយុជីវិតឡើយ។
ក្រុមសង្គ្រោះក៏បានជួយស្រង់ម៉ូតូចំនួន ៤គ្រឿង និងម៉ាស៊ីនកាណូត ១គ្រឿង ព្រមទាំងទាញទូកចម្លងដែលលិចឡើងមកវិញ និងប្រគល់ជូនម្ចាស់វិញ។
ជាមួយគ្នានេះ អាជ្ញាធរ និងកម្លាំងនគរបាលបានណែនាំដល់ម្ចាស់ទូកឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវរៀបចំអាវពោងសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ មុនពេលធ្វើការចម្លងប្រជាពលរដ្ឋ ដើម្បីបង្ការហានិភ័យ និងចៀសវាងហេតុការណ៍អាចកើតមានជាយថាហេតុ៕
ដោយ៖ សុរិយា










