អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើដ៏ធំ១ក្បាល ខណៈទឹកជំនន់កំពុងជន់លិច និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេតបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងមូលដ្ឋាន សហការជាមួយប្រជាពលរដ្ឋ បានចុះអន្តរាគមន៍ និងចាប់បានសត្វក្រពើដ៏ធំមួយក្បាលដោយសុវត្ថិភាព នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណៈតំបន់នេះកំពុងរងការលិចលង់ដោយសារទឹកជំនន់។

 

ក្រោយចាប់បាន កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកជញ្ជូនសត្វក្រពើនេះទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីរង់ចាំការអនុវត្តវិធានការបន្តតាមនីតិវិធីបច្ចេកទេស។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាព និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។

 

ពាក់ព័ន្ធនឹងស្ថានភាពនេះ រដ្ឋបាលក្រុងប៉ោយប៉ែតអំពាវ នាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ខណៈស្ថានភាពទឹកជំនន់នៅតែបន្តកើនឡើង និងមានលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃ។

 

ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អាណាព្យាបាលគ្រប់រូប ឱ្យយកចិត្តទុកដាក់ថែរក្សាកូនចៅ និងហាម ឃាត់ កុមារមិនឱ្យចុះលេងទឹកជំនន់ ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក និងហានិភ័យពីសត្វអសិរពិសដែលអាចមាននៅក្នុងតំបន់លិចទឹក៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print