ខេត្តកណ្តាល÷កម្លាំងនគរបាលក្រុងតាខ្មៅបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ចិន្តា (ប្រុស, ៤៤ឆ្នាំ) ដែលមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា៨កញ្ចប់ ដែកកេះ១ និងខ្សៀសម្រាប់ជក់គ្រឿងញៀន១ កាលពីថ្ងៃទី២៨ កញ្ញា ២០២៦ វេលាម៉ោង ១៥ និង០០នាទី នៅផ្ទះជនសង្ស័យក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ទោះបីជាជនសង្ស័យសារភាពថាបានប្រើក្មេងឲ្យទៅទិញថ្នាំញៀនតម្លៃ១ម៉ឺន៥ពាន់រៀលមកប្រើប្រាស់ក៏ដោយ ក៏នៅតែដោះសារយ៉ាងឡូយថា ម្សៅក្រាម៨កញ្ចប់នោះមិនមែនជាគ្រឿងញៀនទេ គឺជាសាច់ជូរដែលប្រពន្ធទិញយកមកច្រកថង់ទុកតាមចំណុះលីត្រសម្រាប់កូរទឹកទន្លេឲ្យថ្លា ដើម្បីយកមកដាំបាយ ធ្វើម្ហូប និងបោកគក់សម្លៀកបំពាក់តែប៉ុណ្ណោះ។
គួររំលឹកថា ជាងជួសជុលម៉ូតូរូបនេះធ្លាប់ជាប់ពន្ធនាគារ២លើករួចមកហើយ រួមមានជាប់៤ឆ្នាំពីបទអំពើលួច និង២ឆ្នាំពីបទរក្សាទុកគ្រឿងញៀន។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមច្បាប់៕










