ភ្នំពេញ ៖ ជនជាប់ឃុំ ចំនួន១៨៣៧ នាក់ ត្រូវផ្លាស់ប្ដូរពីពន្ធនាគាររាជធានីភ្នំពេញPJ (ទីតាំងចាស់) ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ ។
អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយមានការសហការយ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដំណើរការទាំងមូលបានប្រព្រឹត្តទៅដោយរលូន ជោគជ័យ ធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់បន្ថែមថា៖ ទីតាំងពន្ធនាគាររាជធានីភ្នំពេញ PJ(ទីតាំងចាស់) ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាមណ្ឌលអប់រំកែប្រែទី៥ ដើម្បីផ្តល់ឱកាសដល់ជនជាប់ឃុំទទួលបានកម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ សម្រាប់ត្រៀមធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ បន្ទាប់ពីអនុវត្តទោសចប់ ទន្ទឹមនឹងនេះ ក៏ចូលរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល៕










