ទោះបីមណ្ឌលសុខភាពនៅខេត្ដបន្ទាយមានជ័យមួយចំនួនរងទឹកជំនន់ក្តី មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីស្ថានភាពទឹកជំនន់ បានបង្កផលប៉ះពាល់ដល់មូលដ្ឋានមណ្ឌលសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិក សុខាភិបាល អ្នកជំងឺ និងប្រជាពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាល នៅខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តជូនដល់ប្រជាពលរដ្ឋតាមតម្រូវការ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មានប្រសាស ន៍ឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា ៖ បើទោះបីមូលដ្ឋានមណ្ឌលសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តសម្របសម្រួល និងដោះ ស្រាយបញ្ហាជាក់ស្តែង ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដែរ ។

ដោយឡែសម្ភារៈ បរិក្ខា វិញ យើងក៏បានយកចិត្តទុកដាក់ជាចម្បង គឺការការពារ និងរៀបចំទុកដាក់ឱសថ បរិក្ខារ សម្ភារៈវេជ្ជសាស្ត្រ និងឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងមានសុវត្ថិ ភាព ព្រមទាំងវាយតម្លៃលទ្ធភាពបន្តផ្តល់សេវាសុខាភិបាល ក្នុងស្ថានភាពដែលមានការប្រែប្រួលដោយសារទឹកជំនន់។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា ចំពោះមូលដ្ឋានសុខាភិបាលដែលការធ្វើ ដំណើរត្រូវបានរាំងស្ទះ ដោយសារទឹកហូរកាត់ផ្តាច់ផ្លូវ ឬលិចផ្លូវជាអន្លើ បុគ្គលិកសុខាភិបាលនៅតែខិតខំស្វែងរកមធ្យោបាយសមស្រប ដើម្បីធ្វើដំណើរទៅកាន់កន្លែងបំពេញការងារ ខណៈអ្នកជំងឺ និងប្រជាពលរដ្ឋដែលត្រូវការសេវា ក៏បានធ្វើដំណើរតាមកាណូត ដើម្បីមកទទួលសេវាសុខាភិបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងស្ថានភាពអាសន្ននេះ ការរៀបចំទីតាំងផ្តល់សេវាសុខាភិបាលបណ្តោះអាសន្ន ការរៀបចំបុគ្គលិកឱ្យមានវត្តមានគ្រប់គ្រាន់ ការធានាប្រព័ន្ធបញ្ជូនអ្នកជំងឺ ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ព្រមទាំងការធានាសុវត្ថិភាពរបស់អ្នកជំងឺ និងបុគ្គលិក គឺជាអាទិភាពដែលត្រូវបានយកចិត្តទុកដាក់ជាប្រចាំ។

លោកប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា ការឆ្លើយតបចំពោះស្ថានភាពទឹកជំនន់ មិនមែនជាកិច្ចការរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ ដើម្បីសម្រប សម្រួលការធ្វើដំណើរ ការចម្លងបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងការស្តារ និងជួសជុលផ្លូវដែលរងផលប៉ះពាល់។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានថ្លែងអំណរគុណដល់ អភិបាលខេត្តបន្ទាយមានជ័យ និងសហការី ដែលបានយកចិត្តទុកដាក់ និងសហការដោះស្រាយបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសការចាត់ចែងគ្រឿងចក្រ និងកម្លាំងពាក់ព័ន្ធ ដើម្បីកាយ កិនបង្ហាប់ដី លាយថ្ម និងលើកកម្ពស់ផ្លូវ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលទៅកាន់មូលដ្ឋានសុខាភិបាល។

លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសម្របសម្រួល និងជួយសម្រួលការធ្វើដំណើរ និងការចម្លងបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីអាចមកទទួលសេវាសុខាភិបាលបានតាមតម្រូវការ។ អ្វីដែលបានឃើញតាមរយៈបេសកកម្មចុះមូលដ្ឋាន មិនមែនមានត្រឹមតែស្ថានភាពទឹកជំនន់ដែលលិចផ្លូវជាអន្លើ និងប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួនតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញពីកិច្ចសហការរួមគ្នារបស់គ្រប់ភាគី ក្នុងការរក្សាឱ្យសេវាសុខាភិបាលនៅតែបន្តទៅដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាក និងប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ។

...

លោកបានបញ្ជាក់ថា រួមគ្នាដើម្បីបន្តសេវាសុខាភិបាល និងធានាសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងគ្រារងគ្រោះដោយទឹកជំនន់ ដោយសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាការទទួល ខុសត្រូវរួមរបស់គ្រប់ភាគី៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print