នាយករដ្ឋមន្រ្តីកម្ពុជា សរសើរអភិបាលខេត្តពោធិ៍សាត់ចេះរៀបចំ និងថែរក្សាសួនផ្កាតាមដងផ្លូវជាតិបានល្អ

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានកោត​សរសើរ​ ខេត្តពោធិ៍សាត់ គឺ​ជាខេត្តដែល​បានចាប់ផ្តើមមុនគេមួយ ក្នុង​ការបំពាក់​អំពូលសូឡា​តាមដងផ្លូវ ខណៈ​ការរៀបចំសួនផ្កា និងដាំដើមឈើអមសងខាងផ្លូវ ក៏ត្រូវ​បាន​យកចិត្តទុកដាក់ថែទាំបានយ៉ាងល្អជាប្រចាំ។

ពាក់ព័ន្ធនឹងការបំពាក់អំពូលសូឡាតាមដងផ្លូវជាតិ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹងជំរុញ​ការ​តភ្ជាប់ប្រព័ន្ធភ្លើងបំភ្លឺពី​ខេត្តកំពង់ឆ្នាំង តាមខេត្តពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ដើម្បី​បង្កើន​សុវត្ថិភាព និង​សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។

គម្រោងបំពាក់អំពូលសូឡានេះ នឹង​ត្រូវបានពង្រីកទៅកាន់រាជធានី-ខេត្តចំនួន ១៣ រួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ តាកែវ ព្រះសីហនុ កោះកុង កំពត និងកែប ដែលមានប្រវែងសរុបប្រមាណ ១,២០០ គីឡូម៉ែត្រ និងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក។
សម្តេចធិបតីបានបញ្ជាក់ថា ទិសដៅបន្ត គឺពង្រីកឱ្យបានគ្របដណ្តប់ទាំង២៥ រាជធានី-ខេត្ត ជាពិសេសនៅតាមបណ្តាផ្លូវជាតិធំៗ ដើម្បីឱ្យផ្លូវមានពន្លឺ និងសុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ។

សម្តេចធិបតី​បានលើក​ឡើងពី​សារៈសំខាន់នៃ​ការបំពាក់ភ្លើងបំភ្លឺតាម​ដងផ្លូវជាតិ​ ជាពិសេស​នៅ​ពេល​យប់ ជួយ​កាត់បន្ថយ​ហានិភ័យនៃ​គ្រោះថ្នាក់​ដែលបណ្តាល​មកពីភាព​ងងឹត និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

លើស​ពីនេះ ការប្រើប្រាស់​ថាមពលពន្លឺព្រះអាទិត្យ តាមរយៈអំពូលសូឡា ក៏ជួយសន្សំសំចៃ​ការ​ប្រើប្រាស់​ថាមពលអគ្គិសនីផងដែរ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី​​កម្ពុជា​លើកទឹកចិត្តដល់សប្បុរសជន អាជ្ញាធរស្រុក ឃុំ និងក្រុមការងារនានា ឱ្យចូលរួម​បំពាក់​ភ្លើង​សូឡា​តាម​មូលដ្ឋាន ដោយ​សង្កត់ធ្ងន់​ថា ការរីកចម្រើន​របស់​ប្រទេស​ជាតិ អាច​​សម្រេចបានល្អ នៅ​ពេល​ភូមិ ឃុំ ស្រុក និង​ខេត្តនីមួយៗ មានការអភិវឌ្ឍរីកចម្រើន​ទៅមុខស្របគ្នា។

...

គួរជម្រាបជូនថា ខេត្តពោធិ៍សាត់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ និងប្រែមុខប្រែមាត់ជាលំដាប់ ជុំវិញការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន គ្មានសំរាម នៅតាមដងផ្លូវ និងទីសាធារណៈ នេះដោយសារការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ របស់លោក ខូយ រីដា ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print