ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្ស ក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយបានចុះល្បាតការពារតំបន់ការពារធម្មជាតិសរុបចំនួន ១ ៥៨០លើក ដែលជាការកើនឡើង ៣២៤លើក បើធៀបនឹងខែសីហា ឆ្នាំ២០២៦។ សកម្មភាពល្បាតដ៏សកម្មនេះ បាននាំឱ្យមានការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២៣៨ករណី ដែលកើនឡើង ៨១ករណី ធៀបនឹងខែមុន។
ក្នុងចំណោមបទល្មើសដែលបានបង្ក្រាបក្នុងខែកញ្ញា ក្រុមការងារបានរកឃើញបទល្មើសព្រៃឈើចំនួន ៧៥ករណី បទល្មើសសត្វព្រៃចំនួន ៧១ករណី បទល្មើសដីធ្លីចំនួន ៣៩ករណី បទល្មើសនេសាទចំនួន ៤៧ករណី និងបទល្មើសធនធានរ៉ែចំនួន ៦ករណី។ ជាមួយគ្នានេះ ក្រុមការងារក៏បានបង្ក្រាបផ្ទៃដីកាប់រាន ទន្ទ្រាន ក្នុងតំបន់ការពារធម្មជាតិបានសរុបទំហំ ៤១ហិកតាផងដែរ។
រាល់បទល្មើសដែលបានរកឃើញ ត្រូវបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានកសាងកំណត់ហេតុបទល្មើសចំនួន ១២៩កំណត់ហេតុ និងកសាងសំណុំរឿងទាក់ទងបទល្មើសធនធានធម្មជាតិចំនួន ១៤សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ជាលទ្ធផល ជនសង្ស័យចំនួន ១១នាក់ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ។
វត្ថុតាងជាច្រើនក៏ត្រូវបានដកហូតផងដែរ រួមមាន៖ គ្រឿងចក្រ ត្រាក់ទ័រ រថយន្ត គោយន្ត ម៉ូតូ ទូក រណាយន្ត អន្ទាក់ឆក់ចំនួន ១.៩៥០គ្រឿង អន្ទាក់ខ្សែចំនួន ២.២១០ខ្សែ គ្រាប់កាំភ្លើងចំនួន ៨គ្រាប់ និងអាវុធកែច្នៃចំនួន ២៥ដើម។
មន្រ្តីឧទ្យានុរក្សប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិឱ្យបានគង់វង្ស៕
ដោយ៖តារា










