ខេត្តពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានចាប់ផ្តើមមុនគេមួយ ក្នុងការបំពាក់អំពូលសូឡាតាមដងផ្លូវ ខណៈការរៀបចំសួនផ្កា និងដាំដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានយកចិត្តទុកដាក់ថែទាំបានយ៉ាងល្អជាប្រចាំ។
ពាក់ព័ន្ធនឹងការបំពាក់អំពូលសូឡាតាមដងផ្លូវជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការតភ្ជាប់ប្រព័ន្ធភ្លើងបំភ្លឺពីខេត្តកំពង់ឆ្នាំង តាមខេត្តពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ដើម្បីបង្កើនសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។
គម្រោងបំពាក់អំពូលសូឡានេះ នឹងត្រូវបានពង្រីកទៅកាន់រាជធានី-ខេត្តចំនួន ១៣ រួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ តាកែវ ព្រះសីហនុ កោះកុង កំពត និងកែប ដែលមានប្រវែងសរុបប្រមាណ ១,២០០ គីឡូម៉ែត្រ និងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក។
សម្តេចធិបតីបានបញ្ជាក់ថា ទិសដៅបន្ត គឺពង្រីកឱ្យបានគ្របដណ្តប់ទាំង២៥ រាជធានី-ខេត្ត ជាពិសេសនៅតាមបណ្តាផ្លូវជាតិធំៗ ដើម្បីឱ្យផ្លូវមានពន្លឺ និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
សម្តេចធិបតីបានលើកឡើងពីសារៈសំខាន់នៃការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវជាតិ ជាពិសេសនៅពេលយប់ ជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលបណ្តាលមកពីភាពងងឹត និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លើសពីនេះ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ តាមរយៈអំពូលសូឡា ក៏ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជាលើកទឹកចិត្តដល់សប្បុរសជន អាជ្ញាធរស្រុក ឃុំ និងក្រុមការងារនានា ឱ្យចូលរួមបំពាក់ភ្លើងសូឡាតាមមូលដ្ឋាន ដោយសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់ប្រទេសជាតិ អាចសម្រេចបានល្អ នៅពេលភូមិ ឃុំ ស្រុក និងខេត្តនីមួយៗ មានការអភិវឌ្ឍរីកចម្រើនទៅមុខស្របគ្នា។
គួរជម្រាបជូនថា ខេត្តពោធិ៍សាត់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ និងប្រែមុខប្រែមាត់ជាលំដាប់ ជុំវិញការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន គ្មានសំរាម នៅតាមដងផ្លូវ និងទីសាធារណៈ នេះដោយសារការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ របស់លោក ខូយ រីដា ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ៕
ដោយ៖តារា










