ផ្ទះកសិករ១ខ្នងត្រូវអគ្គិភ័យឆាបឆេះម៉ត់ទាំងស្រុងពេលម្ចាស់ទៅស្រុក ដោយសង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកណ្ដាល៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ខណៈដែលម្ចាស់មិននៅផ្ទះដោយសង្ស័យបណ្ដាលមក ពីការឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី៦ ខែតុលា ២០២៦ វេលាម៉ោង ២១ និង៤៥នាទី នៅចំណុចដីទំនាបបឹងត្នោត ព្រំប្រទល់រវាងភូមិព្រែកតាព្រីង និងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡុង កក្កដា និងប្រពន្ធឈ្មោះ កន វ៉ាត អាយុ ៣៤ឆ្នាំមានមុខរបរជាកសិករ និងមានសមាជិកគ្រួសារសរុប៦នាក់។ លំនៅដ្ឋានដែលរងការឆាបឆេះនេះសាងសង់នៅលើ

សសរថ្មក្នុងទំនាបទឹកបឹង ខាងលើក្រាលក្តារ និងមានដំបូលប្រក់ស័ង្កសីទំហំ៥ម៉ែត្រx៧ម៉ែត្រ។

 

លោកអធិការបានបន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានចាក់សោទុកចោល រួចនាំប្រពន្ធ និងកូនៗធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ។ លុះ ដល់វេលាម៉ោងកើតហេតុខាងលើ អ្នកជិតខាងបានប្រទះឃើញអណ្ដាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ។ ដោយសារទីតាំងផ្ទះស្ថិតក្នុងទំនាបទឹកបឹងដែលត្រូវជិះទូកចម្ងាយ៥០០ម៉ែត្រពីផ្លូវគោកក្នុងរដូវវស្សា បូករួម និងមានខ្យល់បោកបក់ខ្លាំងផងនោះ ទើបបណ្ដាលឲ្យអគ្គិភ័យលេបត្របាក់ផ្ទះទាំងស្រុងក្នុងរយៈពេលដ៏ខ្លីពុំអាចជួយសង្គ្រោះបានឡើយ។

 

លោកអធិការបានបញ្ជាក់ថា គ្រោះថ្នាក់ដ៏គួរឲ្យសោក ស្ដាយនេះមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ប៉ុន្តែបានបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង រួមមានម៉ូតូ១គ្រឿង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងឯកសារសំខាន់ៗដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបសសផងដែរ។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះអាចបណ្ដាល មកពីការឆ្លងចរន្តអគ្គិសនី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print