ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការឧបម្ថម្ភសាច់ប្រាក់ដល់អ្នកមានផ្ទៃពោះដែលក្នុងនោះមានកម្មករនិយោជិកក្នុងប្រព័ន្ធ គ្រួសារមានប័ណ្ណសមធ៌ម មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា មន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារ ជនជាប់ឃុំ ក្រុមប្រឹក្សាជាតិ ខេត្តក្រុងខណ្ឌក្រុមប្រឹក្សាសង្កាត់ ដែលឆ្នាំ២០២៦ ឆមាសទី១ យើងមានអ្នកទទួលផល ២លាន ២សែន៥ម៉ឺននាក់ ដែលរដ្ឋត្រូវជួយចាប់តាំងពីគាត់មានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ រួមទាំងស្រ្តីនៅក្នុងពន្ធនាគារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី”នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើប្រៀបធៀបពីឆ្នាំ២០២៣ រយៈពេល៣ឆ្នាំនេះយើងកើន១០៣%ពីចុងឆ្នាំ២០២៣ ដែលយើងមានតែ១លាន១សែននាក់ទេដែលទទួលផលប៉ុន្តែឥឡូវយើងមាន ២លាន២សែននាក់ ទទួលបានផល នេះជាទិន្នន័យជាក់ស្តែង បានផលជាក់ស្តែង មិនមែនចេះតែនិយាយនោះទេ៕
ដោយ ៖ សិលា










