តើរាជរដ្ឋាភិបាលបានជួយអ្វីខ្លះដល់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះវិញបាន ក្រោយមានកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជុំវិញចំណាត់ការ និងកញ្ចប់ឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋភៀសសឹកក្រុមទី១ ដែលអាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្រោយពីមានកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះប្រមាណ ៧០ម៉ឺននាក់ ត្រូវបានបែងចែកជា ២ក្រុម ដោយក្រុមទី១ គឺជាអ្នកដែលអាចត្រឡប់ទៅវិញបានភ្លាមៗ ដោយសារផ្ទះសម្បែងរបស់ពួកគាត់មិនស្ថិតនៅក្នុងតំបន់ប្រទាញប្រទង់ ឬទាមទារការវាស់វែងព្រំដែននោះឡើយ។

 

ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានបន្តថា មុននឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋក្រុមទី១ ត្រឡប់ទៅរស់នៅវិញ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១,៦ លានដុល្លារ ជូនដល់អង្គភាពស៊ីម៉ាក់ (CMAC) ដើម្បីចុះបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីបរិវេណផ្ទះសម្បែង សាលារៀន និងមណ្ឌលសុខភាព សំដៅធានាសុវត្ថិភាពជូនបងប្អូនជាចម្បង មិនឱ្យមានគ្រោះថ្នាក់នោះឡើយ។

 

ចំពោះការជួយជួសជុលលំនៅឋានដែលរងការខូចខាតដោយសារគ្រាប់ផ្លោង គ្រាប់បែក និងយន្តហោះ រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភថវិកាផ្ទាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ១,៦០៦ គ្រួសារ ដោយក្នុងនោះអ្នកដែលរងការខូចខាតកម្រិតធ្ងន់ទទួលបាន ២០ លានរៀលក្នុងមួយគ្រួសារ កម្រិតមធ្យមទទួលបាន ១២ លានរៀលក្នុងមួយគ្រួសារ និងកម្រិតខូចខាតតិចតួចទទួលបាន ២ លានរៀលក្នុងមួយគ្រួសារ។ បន្ថែមលើនេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានជួយសាងសង់ផ្ទះថ្មីទាំងស្រុងជូនគ្រួសារក្រីក្រដែលរងការខូចខាតខ្ទេចខ្ទីចំនួន ៣៩ គ្រួសារផងដែរ។

 

ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់បញ្ចូលបងប្អូនឱ្យទទួលបានអត្ថប្រយោជន៍ពី «កម្មវិធីសមធម៌» ដូចអ្នកមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ ដែរ ទោះបីពីមុនគាត់មានជីវភាពបែបណាក៏ដោយ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀលក្នុងមួយគ្រួសារសម្រាប់ការចាប់ផ្តើមជីវភាពជាថ្មី និងបានផ្តល់ស្បៀងព្រមទាំងគ្រាប់ពូជកសិកម្មជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំង៦ បានជិត ៩,០០០ គ្រួសារថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print