ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានរយៈពេល៨០ឆ្នាំ គឺជាប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងអាយុកាលគឺចក្ខុវិស័យនិងបេសកកម្មរបស់អង្គភាពក្នុងការបន្តឆ្ពោះទៅអនាគតប្រកបដោយឧត្តមភាព គុណភាព តម្លៃ និងគុណធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសុខាភិបាលថ្មីនិងចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យដែលបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនមានតួនាទីត្រឹមតែផលិតអ្នកមានសញ្ញាបត្រនោះឡើយ ពោលគឺស្ថាប័ននេះមានតួនាទីជាយុទ្ធសាស្ត្រក្នុងការផលិតធនធានមនុស្សសុខាភិបាលដែលមានទាំងចំណេះដឹង ជំនាញ សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីស្រឡាញ់ការបម្រើប្រជាជន៕
ដោយ ៖ សិលា










