ការសម្លាប់រង្គាលនៅសហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ៨ នាក់ បន្ទាប់មកធ្វើអត្តឃាត

ចែករំលែក៖

យោងតាមមន្ត្រីអាមេរិក ការបាញ់ប្រហារនៅ Erie រដ្ឋ Pennsylvania បានសម្លាប់មនុស្ស ៩ នាក់ ហើយអភិបាលរដ្ឋ Josh Shapiro បានហៅវាថាជា “ការបាញ់ប្រហារដ៏សោកសៅ”។

សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរអាមេរិកបានឱ្យដឹងអំពីករណីបាញ់ប្រហារកាលពីចុងសប្តាហ៍កន្លងទៅនេះ ថាបុរសម្នាក់អាយុ ៤៥ឆ្នាំបានបាញ់សម្លាប់មនុស្ស ៨នាក់នៅក្នុងទីក្រុង Erie រដ្ឋ Pennsylvania ដែលរួមមានស្ត្រីមានផ្ទៃពោះម្នាក់ និងកុមារ ២នាក់ ហើយបន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯង។
ប៉ូលិសនៅមិនទាន់អាចកំណត់បានពីមូលហេតុ ឬបំណងនៃការបង្កហេតុនេះនៅឡើយទេ។ លោក Rick Lorah មេប៉ូលិសក្រុង Erie បាននិយាយថា ក្នុងចំណោមមនុស្ស ៩នាក់ដែលស្លាប់មាន ៨នាក់ជាសមាជិកគ្រួសារ និងម្នាក់ទៀតជាមិត្តភក្តិរបស់ក្រុមគ្រួសារនោះ។
យោងតាមទិន្នន័យចងក្រងដោយអង្គការ Gun Violence Archive មានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំជាង ៤០០ករណីបានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦។ អង្គការនេះកំណត់និយមន័យនៃហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំថាជាករណីដែលមានមនុស្សចាប់ពី ៤នាក់ឡើងទៅត្រូវបានបាញ់ប្រហារដោយមិនរាប់បញ្ចូលខ្មាន់កាំភ្លេីង។ តាមទិន្នន័យដដែលនេះ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចុងក្រោយដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋ Pennsylvania បានកើតឡើងនៅក្នុងទីក្រុង Philadelphia កាលពីខែកក្កដា។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានតស៊ូមតិជាយូរមកហើយរកវិធានការសុវត្ថិភាពកាំភ្លើងដ៏សមរម្យមួយ ហើយនៅឆ្នាំ ២០២៤ លោកបានជំរុញឱ្យសភាតំណាងរាស្ត្ររដ្ឋ Pennsylvania អនុម័តកំណែទម្រង់ទាក់ទងនឹងកាំភ្លើង ដែលរួមមានការត្រួតពិនិត្យប្រវត្តិអ្នកទិញជាទូទៅ និងការដាក់កំហិតលើកាំភ្លើងផលិតដោយខ្លួនឯង គ្មានលេខសម្គាល់ និងមិនអាចតាមដានប្រភពដើមបាន។ សំណើមួយចំនួនរបស់លោក Shapiro នៅតែជាប់គាំងនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ៕

រូប​ថត​:kenh14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print