ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ «យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»ខណៈបច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុក (Page) ឬគណនីក្លែងក្លាយជាច្រើន ដើម្បីឆបោកប្រាក់ពីអ្នកទិញ។
ល្បិចកលដែលជនឆបោកនិយមប្រើប្រាស់៖ បង្កើត Page ឬគណនីក្លែងបន្លំ ដោយយករូបភាពទំនិញស្អាតៗ និងដាក់លក់ក្នុងតម្លៃថោកខុសពីទីផ្សារធម្មតាខ្លាំង ជំរុញ និងបង្ខំឱ្យជនរងគ្រោះវេរប្រាក់កក់ ឬបង់ប្រាក់ថ្លៃទំនិញទាំងស្រុងមុន ក្រោយពេលទទួលបានប្រាក់រួច ជនឆបោកនឹងមិនផ្ញើទំនិញមកឱ្យឡើយ ហើយធ្វើការ Block គណនី ឬកាត់ផ្តាច់ការទាក់ទងភ្លាមៗ ។
វិធានការការពារខ្លួនដើម្បីកុំឱ្យចាញ់បោក៖ *១. ពិនិត្យមើលប្រវត្តិ Page៖ ពិនិត្យកាលបរិច្ឆេទនៃការបង្កើត Page មើលការ Review ការ Feedback ពីអតិថិជនពិតប្រាកដ និងការ Update ព័ត៌មានជាប់លាប់ *២. ជៀសវាងការទិញទំនិញដែលថោកហួសហេតុ៖ ប្រសិនបើតម្លៃទាបជាងទីផ្សារខុសប្រក្រតី លោកអ្នកត្រូវសង្ស័យជាមុន *៣. ជ្រើសរើសវិធីទូទាត់ដែលមានសុវត្ថិភាព៖ គួរជ្រើសរើសការទូទាត់ប្រាក់នៅពេលទំនិញដឹកមកដល់ផ្ទាល់ (Cash on Delivery) ឬទិញតាមរយៈវេទិកា (Platform) ផ្លូវការដែលមានប្រព័ន្ធការពារអ្នកទិញច្បាស់លាស់ *៤. កុំផ្ទេរប្រាក់ទៅគណនីបុគ្គលដែលមិនស្គាល់ប្រភពច្បាស់លាស់ ដោយគ្មានវិក្កយបត្រ ឬអាសយដ្ឋានហាងជាក់លាក់។
ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច៕
ដោយ៖តារា









