ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius ពណ៌សមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន រួចរេចង្កូតជ្រុលទៅបុករថយន្តម៉ាក Toyota Camry បាឡែន ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Toyota Camry បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AM-2592 ឈប់ចតនៅលើចិញ្ចើមផ្លូវព្រះសីហនុ។ លុះមកដល់ពេលកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-7359 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។
ប្រភពដដែលបានបន្តថា ខណៈកំពុងធ្វើដំណើរ រថយន្ត Toyota Prius បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត Camry បាឡែន យ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។ ជាសំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត Toyota Prius នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីសាកសួរនាំ និងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយរវាងភាគីពាក់ព័ន្ធតាមនីតិវិធីជាបន្តទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ










