ក្រសួងធម្មការ និងសាសនា ប្រកាសថា«បុណ្យកឋិនទាន» មិនឱ្យដើររៃអង្គាសថវិកានៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជន 

ចែករំលែក៖

ភ្នំពេញ៖ យោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បុណ្យកឋិនទានឆ្នាំ២០២៦ នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

ក្នុងឱកាសនេះ ក្រសួងធម្មការ និងសាសនា បានធ្វើណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ទាំងអស់ ត្រូវសហការជាមួយព្រះមេគណៈ ព្រះអភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំបុណ្យកឋិនទានឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមពុទ្ធានុញ្ញាត ព្រះវិន័យ និងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ប៉ុន្តែមិនត្រូវដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ ទីប្រជុំជន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្យានុភាពនៃព្រះពុទ្ធសាសនា។

 

សម្រាប់បច្ច័យកឋិនទានប្រសិនបើមានលើសលប់ ត្រូវចាត់ចែងជួយដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។

 

ក្រសួងក៏បានណែនាំផងដែរ ឱ្យគ្រប់វត្តអារាមត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវចូល និងប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ រៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងចងបដាពាក្យស្លោក គតិលោក គត៌ធម៌ និងពុទ្ធពាក្យ ឱ្យមានសោភ័ណភាព និងសេចក្តីថ្លៃថ្នូរ ជៀសវាងមានក្មេងស្ទាវបង្កើតសកម្មភាព ដែលនាំឱ្យមានទំនាស់រវាងក្រុមមួយទៅក្រុមមួយ ឬធ្វើឱ្យខូចតម្លៃនៃបុណ្យកឋិនទាន និងតម្លៃនៃព្រះពុទ្ធសាសនា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print