ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុករតនៈមណ្ឌលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែតុលានេះថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី នៅចំណុចដើមអំពិល ក្រុមទី១០ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ជា ចេមរស្មី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សុធា អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខូ សុវ៉ាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបអ្នកដើរផ្លូវ ជាច្រើនលើក ចាំបានចំនួន១១លើក នៅស្រុករតនមណ្ឌល ស្រុកសំឡូត និងខេត្តប៉ៃលិន ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៦ ពិតប្រាកដមែន ។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AY-2074 ចំនួន០១គ្រឿង, ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិក ចំនួន១០ថង់ ទម្ងន់ ៧.៥៥ ក្រាម, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងកាបូប ០១ ។
ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










