ខេត្តស្ទឹងត្រែង៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កីឡារត់កម្សាន្តអបអរសាទរមិត្តភាពកម្ពុជា-ឡាវ» នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋសរុបជាង១,០០០នាក់។
នាឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការរៀបចំកីឡារត់កម្សាន្តនេះ គឺជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍តាមរយៈកីឡា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរបានជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណងមិត្តភាពឱ្យកាន់តែស្និទ្ធស្នាល។
ក្នុងព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ ព្រមទាំងរួមចំណែកពង្រឹងការយោគយល់គ្នា ការជឿទុកចិត្ត និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ កម្ពុជា និងឡាវកំពុងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ភាគឦសាននៃកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវឱ្យកាន់តែច្រើន។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ លើកកម្ពស់ភាពទាក់ទាញនៃគោលដៅទេសចរណ៍ និងបន្តពង្រឹងចំណងមិត្តភាពកម្ពុជា-ឡាវ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃសកម្មភាពដែលរៀបចំឡើងនៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕ដោយ៖តារា










