ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅកណ្តាលយប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង កាលពីវេលាម៉ោង ១:១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្បែរទីលានចាក់សំរាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានអគ្គិភ័យ ពួកគាត់បានឮសំឡេងផ្ទុះចេញពីផ្ទះខាងលើ និងមានអណ្តាតភ្លើងបានឆាបឆេះឡើងយ៉ាងខ្លាំង លាយឡំជាមួយផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យអ្នកជិតខាងមានការភ្ញាក់ផ្អើល និងនាំគ្នាចេញមកជួយអន្តរាគមន៍។
ក្នុងពេលនោះ ប្រជាពលរដ្ឋបានប្រើប្រាស់ទុយោទឹកបាញ់ទប់ស្កាត់អណ្តាតភ្លើងជាបណ្តោះអាសន្ន ព្រមទាំងជួយសង្គ្រោះអ្នកដែលស្ថិតនៅក្នុងផ្ទះមនុស្ស៣នាក់ ។
ក្រោយទទួលបានព័ត៌មានអំពីករណីអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យជំនាញ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យចេញពីគ្រប់គោលដៅ ដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទេីបអគ្គិភ័យនេះត្រូវបានពន្លត់ជាស្ថាពរ។
ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយនឹងបន្តស្រាវជ្រាវដើម្បីកំណត់មូលហេតុពិតប្រាកដនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










