ភ្នំពេញ៖ រថយន្ត Mercedes ពណ៌សមួយគ្រឿង បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់ ធ្វេីឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Mercedes ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2CC-9336 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មបាក់អស់មួយកង់ និងធ្វើឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយកើតហេតុ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីជាបន្តទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ










